(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ជនជាតិរ៉ូហ៊ីងយ៉ាដែលបានស្លាប់ក្នុងការលិចទូកត្រូវបានរកឃើញកើនឡើងដល់ ២៦នាក់ ហើយក្នុងនោះភាគច្រើនសុទ្ធសឹងតែជាកុមារតូចៗ ខណៈប្រតិបត្តិការស្វែងរកមនុស្សបាត់ខ្លួន ជាច្រើននាក់ទៀត កំពុងតែបន្តឈានចូលថ្ងៃទី២៕

២៖ គ្រាន់តែដាក់ឲ្យដំណើរការជាលើកដំបូង រយៈពេលមួយឆ្នាំប៉ុណ្ណោះ តេឡេស្កូបយក្សរបស់ប្រទេសចិន FAST ដែលជាចានតេឡេស្កូបធំជាងគេបំផុត នៅលើពិភពលោកនេះ បានរកឃើញ និងកំណត់លក្ខណៈនៃផ្កាយថ្មីៗចំនួនពីរទៅហើយ៕

៣៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) បានសាទរចំពោះការបាញ់បង្ហោះផ្កាយរណបខ្លួន ចេញពីប្រទេសចិនដោយលោកបញ្ជាក់ថា វាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏សំខាន់មួយ សំដៅឆ្ពោះទៅរកការបន្តថែរក្សាឯករាជ្យភាពជាតិ៕

៤៖ ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅមួយ ដែលបាននិងកំពុងតែវាយប្រហារតំបន់ភាគខាងជើង នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិកបានផ្តាច់ជីវិតមនុស្សយ៉ាងតិច ១១នាក់ និងបំផ្លិចបំផ្លាញ លំនៅឋានក៏ដូចជាអគារពាណិជ្ជកម្មជាង ១,៥០០ពាន់ខ្នង, រួមទាំងបង្ខំឲ្យមនុស្សប្រមាណ ២០,០០០នាក់ ជម្លៀសខ្លួនចេញពីកន្លែងជ្រកកោណរបស់ពួកគេថែមទៀតផង៕

៥៖ ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃអង្គារនេះបានឱ្យដឹងថា យន្ដហោះចម្បំាងរុស្ស៊ីមួយគ្រឿងប្រភេទ Su-24 បានធ្លាក់នៅអំឡុងពេលហោះឡើយ នៅឯមូលដ្ឋានទ័ពក្នុងប្រទេសស៊ីរី និងបានបណ្ដាលឱ្យអ្នកជិះនៅលើនោះទាំងអស់ស្លាប់បាត់បង់ជីវិត៕

៦៖ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ USS Michigan ត្រូវគេរាយការណ៍ថា នឹងធ្វើដំណើរមកដល់កំពង់ផែក្រុងប៊ូសាន (Busan) នៃប្រទេសកូរ៉េខាងត្បូងនាចុងសប្តាហ៍នេះ នៅចំពោះមុខភាពតានតឹង ដែលគ្មានភាពធូរស្រាលនៅលើឧបទ្វីបកូរ៉េ បង្កឡើងដោយសារតែការបំផ្ទុះសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ នៃរបបដឹកនាំទីក្រុងព្យុងយ៉ាង៕

៧៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសថា ប្រទេសអាស៊ានមួយនេះ នឹងរៀបចំបោះឆ្នោតសកលឡើងវិញ ដើម្បីជ្រើសរើសមេដឹកនាំប្រទេស តាមរបៀបរបបនៃលទ្ធិប្រជាធិបតេយ្យ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ៕