(ឈីលី)៖ បន្ទាប់ពីគ្រោះ​រញ្ជួយដី​កម្រិតធ្ងន់ ៦.៣រ៉ិចទ័រ បានវាយប្រហារភាគជើង​ប្រទេស​ឈីលី ជាប់នឹងព្រំដែន​ប៉េរូ មានសេចក្តីរាយ​ការណ៍​មួយចំនួនបាន​ឲ្យដឹងថា មនុស្សដែល​ស្ថិតនៅតាម​បណ្តោយឆ្នេរ​ ក្នុងតំបន់ទទួល​រងឥទ្ធិពល អារីកា (Arica) ត្រូវបានជម្លៀសខ្លួន ហើយ​ហេតុ​ការណ៍​រអិលបាក់ស្រុតដី ក៏បានកើតមាន​ឡើងផងដែរ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Express UK នៅល្ងាច​ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧។

យោងតាមទីភ្នាក់ងារ​ស្ទាបស្ទង់ភូមិសាស្រ្ត​អាមេរិក USGS គ្រោះរញ្ជួយផែនដី​ខាងលើ មានជម្រៅ ៨២គីឡូម៉ែត្រ ទៅក្នុងដី និង​មាន​ចំណុច​​​រំញ័រ​ស្ថិត​នៅ​ចម្ងាយប្រមាណ ៧៣គីឡូម៉ែត្រ ពីភាគខាងកើត​តំបន់ Arica នៃប្រទេសឈីលី ។ ក្រៅពីនេះផ្នែក​មួយចំនួន​នៃ​តំបន់​រងគ្រោះ ក៏បានដាច់ចរន្តអគិ្គសនី​ផងដែរ ខណៈការិយាល័យ​សង្រ្គោះបន្ទាន់​ជាតិឈីលី​បានបញ្ជាក់ថា ពួកគេមិនទាន់​ទទួលបានព័ត៌​មាន​ណាមួយ ស្តីពីមនុស្សរងគ្រោះ ឬក៏ការបំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ ដល់ប្រព័ន្ធហេដ្ឋា​រចនាសម្ព័ន្ធឡើយ។

គួរបញ្ជាក់ថា ក្រោយពីកើតមាន​គ្រោះរញ្ជួយដីនេះ ពុំមានសេចក្តីប្រកាស​អាសន្នអំពីរលកយក្សស៊ូណាមិ ដែលអាចនឹងបង្ក​ឡើង​នោះឡើយ៕