(រុស្ស៊ី)៖ ក្រសួង​ការពារជាតិ​រុស្ស៊ី​នៅថ្ងៃអង្គារនេះ​បានឱ្យដឹងថា យន្ដហោះចម្បំាងរុស្ស៊ី​មួយគ្រឿង​ប្រភេទ Su-24 បានធ្លាក់នៅ​អំឡុង​ពេលហោះឡើយ នៅឯមូលដ្ឋានទ័ព​ក្នុងប្រទេសស៊ីរី និងបាន​បណ្ដាលឱ្យ​អ្នកជិះនៅលើនោះទាំងអស់ ស្លាប់​បាត់បង់ជីវិត។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Russian Today នៅមុននេះ​បន្តិចនាល្ងាច​ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧៕

យោងតាមក្រសួង​ការការពារជាតិរុស្ស៊ី ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង​នៅ​ឯមូលដ្ឋានទ័ព​អាកាស ខាមៃមីម (Khmeimim) ស្ថិតនៅ​ក្នុងខេត្ត ឡាតាគា (Latakia) ប្រទេសស៊ីរី អំឡុងពេល​យន្ដហោះចម្បាំង នេះបង្កើនល្បឿន​នៅពេលហោះឡើង ដើម្បីទៅបំពេញ​ប្រតិបត្តិការយោធា។ ក្រសួង​ការពារជាតិរុស្ស៊ី បានបញ្ជាក់​នៅក្នុងសេចក្ដី​ថ្លែងការណ៍​របស់ខ្លួនយ៉ាងដូច្នេះថា «ពីឡុតទាំងពីរ​នាក់បើក​យន្ដហោះចម្បាំង Su-24 មិនអាចលោត​ចុះពីលើ​យន្ដហោះ ហើយបានស្លាប់នៅក្នុង​ឧប្បទ្ទវហេតុ នៅថ្ងៃទី១០ ខែតុលានេះ រីឯមូលហេតុ​អាចបណ្ដាល​មកពីកំហុស​បច្ចេកទេស»។

គួររំលឹកថា បើតាមក្រសួងការពារជាតិ​រុស្ស៊ីកាលពី​ថ្ងៃទី១៤ ខែវិចិ្ឆកា ឆ្នាំ២០១៦ និងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ យន្ដហោះយោធា​រុស្ស៊ីធុន MiG-29K និង Su-33 បានធ្លាក់ចូល​ទៅក្នុងសមុទ្រ នៅពេលបំពេញបេសកកម្មនៅស៊ីរី។ បន្ថែមពីលើនេះ​កាលពីដើមឆ្នាំ២០១៦ ឧទ្ធម្ភាគ​ចក្រធុន Mi-28N ក៏បានធ្លាក់នៅក្បែរ​ទីក្រុងហូម ប្រទេសស៊ីរីផងដែរ ដោយសម្លាប់​ពីឡុតទាំងពីរនាក់ នៅលើយន្ដហោះនេះ៕