​(ម៉ូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក​ ស៊ឺហ្គៃ ឡាវរ៉ូវ (Sergey Lavrov) បានប្រាប់សមភាគី​អាមេរិក លោក រីច ធីល្លឺសុន (Rex Tillerson) ថា ទីក្រុងម៉ូស្គូ​នៅតែទទូចឱ្យ​សហរដ្ឋអាមេរិក ប្រគល់​ត្រឡប់មកវិញ​នូវទ្រព្យ​សម្បត្តិ​ការទូត ដែលខ្លួនបាន​រឹបអូសដោយ​ខុសច្បាប់ ហើយថែម​ទាំងព្រមាន​ដែរ ពីការចាត់​វិធានការច្បាប់ និងវិធានការ​សងសឹក។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ សារព័ត៌មាន Russian Today នៅ​រសៀលថ្ងៃអង្គារ ទី១០​​ ខែតុលា ឆ្នាំ២០១៧។  

«រុស្ស៊ីរក្សាសិទ្ធិ​គ្រប់យ៉ាង​ក្នុងការចាត់វិធានការ​តាមច្បាប់ និងវិធានការ​សងសឹក»។ នេះបើតាម​សេចក្ដីថ្លែងការណ៍​ ចេញផ្សាយ​ដោយ​ក្រសួងការ​បរទេសរុស្ស៊ី បន្ទាប់ពីកិច្ច​សន្ទនា​តាមទូរស័ព្ទ​រវាង លោក Sergey Lavrov និង លោក Rex Tillerson កាលពីថ្ងៃចន្ទ។ យ៉ាងណាក៏ដោយ ប្រមុខការទូត​ទាំងពីរ ក៏បានបង្ហាញផងដែរ ពីការគាំទ្រ​ដល់ការប្រឹក្សា​យោបល់​ ទាក់ទិន​នឹង​វិបត្តិការទូត​បច្ចុប្បន្ន ក្រោមការ​ដឹកនាំ​របស់អនុរដ្ឋមន្ត្រី​ការបទេសរុស្ស៊ី លោក រីយ៉ាបកូវ (Ryabkov) និងអនុរដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក ថូម៉ាស់ ហ្សានណុន (Thomas Shannon)។

វិបត្តិការទូតរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី បានផ្ទុះឡើងកាលពីចុងឆ្នាំ២០១៦មកម្លេះ ពោលគឺនៅក្រោយពេលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានបណ្ដេញ​មន្ត្រីទូតរុស្ស៊ីចេញពី​សហរដ្ឋអាមេរិក ជាការឆ្លើយតបនឹង​ការលូកដៃចូល​ក្នុងកិច្ចការ​បោះឆ្នោត​ប្រធានាធិបតី​​អាមេរិក។ ម្យ៉ាងវិញទៀត ភាពតានតឹង​នេះរឹតតែឡើង​កម្ដៅកាលពី​ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់ពីទីក្រុងម៉ូស្គូ​ចាត់វិធានការសងសឹក​ តាមរយៈ​ការកាត់បន្ថយ​មន្ត្រីទូតអាមេរិក​មកនៅត្រឹម ៤៥៥នាក់ ហើយជា​ការឆ្លើយតប​ ទីក្រុងវ៉ាស៊ីនតោន កាលពី​ខែកញ្ញា បានសម្រេចចិត្ត​រឹបអូសទ្រព្យ​សម្បត្តិទូត និងបិទស្ថានកុងស៊ុលរុស្ស៊ី​ប្រចាំ​ទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco)។

គួរបញ្ជាក់ថា ក្រៅតែពីជម្លោះ​ការទូត លោក Lavrov និងលោក Tillerson ក៏បានពិភាក្សាគ្នា​លើសំណុំ​រឿងស៊ីរី និងកូរ៉េខាងជើង។ ប៉ុន្តែទន្ទឹមគ្នា​ប្រមុខការ​ទូតរុស្ស៊ី បានព្រមានថា សកម្មភាព​បច្ចុប្បន្នរបស់​សហរដ្ឋអាមេរិក នៅក្នុងតំបន់​បានធ្វើឱ្យស្ថានភាព​កាន់តែតានតឹង ដូច្នេះទើប​លោកជំរុញឱ្យ​ទីក្រុងវ៉ាស៊ីនតោន​ ដោះស្រាយបញ្ហា​តាមរយៈ​កិច្ចសន្ទនា៕