(បរទេស)៖ ចង់ស្តាប់រឿង​កំប្លែងអត់? វាគឺជាមុខងារសាកថ្មឆាប់​ពេញរបស់ iPhone 8 Plus។ តាមរយៈការ​ធ្វើតេស្តពីអ្នក Review ស្មាតហ្វូន​ជាច្រើន​នាក់​នាពេលថ្មីៗនេះ iPhone 8 Plus ដែល​ក្រុមហ៊ុន Apple អះអាងថា ត្រូវបានបំពាក់​បន្ថែមនូវ​បច្ចេកវិទ្យា Fast Charge (សាក​ថ្មឆាប់ពេញ) ជាលើក​ដំបូងនោះ ទំនងជារឿងបោកប្រាស់​ទាំងស្រុង។

នៅក្នុងការ​សាកល្បងមួយ​ក្នុងចំណោមនោះ iPhone 8 Plus ត្រូវបានគេធ្វើ​តេស្តប្រៀបធៀប​ជាមួយនិង iPhone 7 Plus ដោយប្រើប្រាស់​​ឧបករណ៍​បញ្ចូលថ្មប្រភេទ The Apple 29W USB-C Power Adapter ទិញពី​ក្រុមហ៊ុន Apple ផ្ទាល់ ដែល Support បច្ចេកវិទ្យា Fast Charge។ ជាលទ្ធផល iPhone 8 Plus ចំណាយ​ពេល ០២ម៉ោង និង១០នាទី ដើម្បីសាក​ពីសូន្យភាគរយដល់ ១០០ភាគរយ ខណៈ iPhone 7 Plus ចំណាយ​ពេលត្រឹម ០១ម៉ោង និង៥៩នាទីប៉ុណ្ណោះ នៅក្នុងលក្ខខណ្ឌ​ដូចគ្នា ទោះបីជា iPhone 7 Plus មាន​កម្លាំងថ្ម 2900mAh ធំជាង​កម្លាំងថ្ម 2691mAh របស់ iPhone 8 Plus ក៏ដោយ​។

ប្រការនេះ​មានន័យថា iPhone 8 Plus ក៏ដូចជា iPhone 8 ហាក់ដូចជា​គ្មាន​បច្ចេកវិទ្យា Fast Charge អ្វីឡើយ ហើយគេសង្កេតឃើញថា ​វា​អាស្រ័យ​លើ​ឆ្នាំង​​សាកទៅវិញទេ ដោយឆ្នាំង​សាក The Apple 29W USB-C Power Adapter អាចបញ្ចូល​ថាមពលបាន​ខ្លាំងជាងឆ្នាំង​​សាក​ធម្មតា ដែល​មក​​ជាមួយ iPhone ស្រាប់​ទើប iPhone 7 Plus និង 8 Plus អាចសាកឆាប់ពេញជាងមុនបន្តិចបែបនេះ។ លើស​ពី​នេះ iPhone 7 Plus ដែលពុំមានមុខងារ Fast Charge ផងនោះ បែរជាអាចសាក​ពេញបាន​លឿនជាង iPhone 8 Plus ទៅវិញ។

គួរបញ្ជាក់ថា ពុំមានស្មាតហ្វូន​ណាផ្សេងនៅលើ​ទីផ្សារ ដែល Support មុខងារ Fast Charge ហើយចំណាយពេលដល់ទៅ ០២ម៉ោង ឬជាង០២ម៉ោង ដើម្បីសាកថ្ម​ពីសូន្យដល់ ១០០ភាគរយ នោះឡើយ ព្រោះភាគច្រើននៃបច្ចេកវិទ្យានេះ ត្រូវបំពាក់លើកំពូលស្មាតហ្វូនដើរដោយ Android ក្នុងនោះមានដូចជា Samsung, Huawei, HTC, Oppo, LG, Meizu និង Xiaomi ជាដើម ប៉ុន្តែបច្ចេកលើទូរស័ព្ទទាំងនេះ ភាគច្រើនប្រើពេលតែ ៣០នាទី ប៉ុណ្ណោះអាចសាកថ្មពី ០ភាគរយ ទៅ ៥០ភាគរយ ឬឡើងដល់ ៧៥ភាគរយផងក៏មាន ហើយប្រើចង់សាកពេញ ១០០ភាគរយ ត្រូវប្រើពេលយ៉ាងហោចណាស់ ១ម៉ោង ឬក្រោម ១៖៣០នាទី ប៉ុណ្ណោះ។

ហេតុដូច្នេះ តើ iPhone 8/8 Plus ពិតជាមាន Fast Charging ឬសាកថ្មបានលឿនមែន ឬអត់? សូមទស្សនាវីដេអូពិសោធន៍ជាក់ស្តែងខាងក្រោមនេះ៖