(ដាម៉ាស)៖ ជនស៊ីវិលយ៉ាងតិច ២៥០នាក់ ត្រូវបានសម្លាប់ និងជាច្រើន​នាក់រងរបួស ដោយសារតែការ​វាយប្រហារតាម​ផ្លូវអាកាស ដឹកនាំ​ដោយសហរដ្ឋអាមេរិក នៅក្នុង​ទីក្រុងរ៉ាកា (Raqqa) របស់ប្រទេសស៊ីរី​ក្នុងអំឡុងពេល ០៤ថ្ងៃកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។

អង្គការឃ្លាំមើល​សិទ្ធិមនុស្សស៊ីរី (SOHR) បានអះអាង​ទៀតថា ប្រតិបត្តិការតាម​ផ្លូវអាកាស ធ្វើឡើងដោយ​ក្រុមចម្រុះអន្តរជាតិ ដឹកនាំ​ដោយអាមេរិក បានផ្តាច់យក​អាយុជីវិតប្រជាជន​ស៊ីវិលស្លូតត្រង់ យ៉ាងហោច​ណាស់​ចំនួន ១,១១៧នាក់ ដោយក្នុងនោះ​រួមមានកុមារ​​ ២៦៧នាក់ និងស្រ្តី ១៦៤នាក់ បើគិតចាប់តាំង​តែពីខែមិថុនា ឆ្នាំ២០១៧។

យ៉ាងណាមិញ SOHR ដែលមានមូលដ្ឋាន​នៅក្នុងចក្រភព​អង់គ្លេស​បានឲ្យដឹងថា ៨៥ភាគរយ នៃទីក្រុង Raqqa ត្រូវបានវាយរំដោះ​​ចេញពីការគ្រប់គ្រង​របស់ក្រុម​សកម្មប្រយុទ្ធ ISIS ហើយ៕