(វ៉ាស៊ីនតោន)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៦រ៉ិចទ័រ ដែលបានវាយប្រហារភាគនិរតី នៃរដ្ឋអាឡាស្កា (Alaska) កាលពី​ព្រឹកមិញនេះ ពុំបាន​បង្កឲ្យមាន​មនុស្សរងគ្រោះថ្នាក់ ឬក៏ការបំផ្លិចបំផ្លាញ​អ្វីឡើយ ហើយសេចក្តី​ព្រមានអំពីរលក​យក្សស៊ូណាមិ ក៏មិនមាននោះដែរ។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅល្ងាចថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ​២០១៧។

ទីភ្នាក់ងារស្ទាបស្ទង់​ភូមិសាស្រ្តអាមេរិក (USGS) បានឲ្យដឹងថាចំណុចរញ័រ នៃគ្រោះរញ្ជួយផែនដីខាងលើនេះ បានកើតឡើងនៅ​ចម្ងាយ ​៦០គីឡូម៉ែត្រ ភាគខាងកើត នៃកោះដាច់ស្រយ៉ាលបាលដឺ (Buldir) ក្នុងតំបន់ប្រជុំកោះ អាឡឺធាន (Aleutian) ជាទីជម្រកនៃប្រជាជនអាមេរិក​ប្រមាណ ​៨,០០០នាក់ ដែលភាគច្រើន ស្នាក់នៅក្នុងលំនៅឋាន​ក៏ដូចជាសំណង់ ដែលធន់នឹងការ​កម្លាំងរញ័រនៃការរញ្ជួយដី។

គួរបញ្ជាក់ថា ក្រោយពេលកើតមានគ្រោះរញ្ជួយដី ពុំមានសេចក្តីរាយការណ៍ណាមួយ ស្តីពីមនុស្សរងគ្រោះ ឬការខូចខាត នៅតំបន់​ខាង​​លើឡើយ ខណៈមជ្ឈមណ្ឌលឃ្លាំមើលរលកយក្សស៊ូណាមិ ប្រចាំតំបន់ប៉ាស៊ីហ្វិក ក៏មិនបានចេញសារព្រមានពីរលក​យក្សស៊ូណាមិញ​ ដែលអាចត្រូវបង្កឡើងផងដែរ៕