(ម៉ានីល)៖ ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានសម្រេច​ដក​មេបញ្ជាការ​ប៉ូលិសថ្នាក់​តំបន់ចំនួនពីរ​រូបចេញពី​តំណែង ដោយបុរសខ្លាំង​រូបនេះចោទថា ជាមេបញ្ជាការ​កំពូលគ្រឿងញៀន ឬ narco-generals ខណៈក្រុមស៊ើប​អង្កេតបានរកឃើញថា មន្ត្រីទាំងពីររូបនេះ​លួចកាង​ក្រុមរត់ពន្ធ​គ្រឿងញៀន នៅក្នុងតំបន់ដែលពួកគេ​កាន់កាប់។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នារសៀល​ថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។

អ្នកពាក្យ​រដ្ឋាភិបាលហ្វីលីពីន លោក អឺណេស្តូ អេប៊ែលឡា (Ernesto Abella) បានបង្ហើប​ឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ស្ថាប័ន​ប៉ូលិសទាំងពីររូបនេះ គឺទី១លោក ចូអ៊ែល ផាកឌីឡាវ (Joel Pagdilao) មេបញ្ជាការ​ប៉ូលិសថ្នាក់រដ្ឋធានី​របស់ជាតិ និងទី២ គឺលោក អ៊ែដហ្គាដូ ទីនីញ៉ូ (Edgardo Tinio) មេបញ្ជាការ​ប៉ូលិសប្រចាំ​ទីក្រុង ក្វេសុន (Quezon)។

ជុំវិញបញ្ហា​ខាងលើនេះ លោក អេប៊ែលឡា បានបញ្ជាក់​នៅក្នុងវិមាន​ម៉ាឡាកាណាង យ៉ាងដូច្នេះថា «អនុឡោមតាម​ការសន្យារបស់​ប្រធានាធិបតី​ហ្វីលីពីន ដើម្បីធានាថា​ប្រទេសនេះនឹង​រួចផុតពីបទឧក្រិដ្ឋ និងអំពើពុក​រលួយនោះ លោក ឌូតឺតេ បានសម្រេចចិត្ត​ដកតំណែងមេប៉ូលិសពីររូប ដែលជាមន្ត្រី​នៃស្ថាប័ន​ប៉ូលិស​ជាតិ​ហ្វីលីពីន»។ តាមរបាយការណ៍​ចុងក្រោយបំផុត មនុស្ស​ប្រមាណជាង ៣,០០០នាក់ហើយ បានស្លាប់នៅក្នុង​សង្គ្រាមបង្ក្រាបគ្រឿងញៀន នៅទូទាំងប្រទេសហ្វីលីពីន ក្នុងរយៈពេលជាង​មួយឆ្នាំមកនេះ៕