(បង់ក្លាដែស)៖ ជារឿងដ៏គួរឲ្យរន្ធត់បំផុត ដែលក្នុងចំណោមជនជាតិរ៉ូហ៊ីងយ៉ាទាំង ១២នាក់ ដែលបានស្លាប់នៅក្នុងគ្រោះថ្នាក់ក្រឡាប់លិចទូកនោះ មានចំនួន ១១នាក់ សុទ្ធសឹងតែជាកុមារតូចៗ ខណៈប្រតិបត្តិការស្វែងរកមនុស្ស​បាត់ខ្លួនរាប់សិប​នាក់ទៀត កំពុងតែបន្តធ្វើ​ឡើងដដែល។ នេះបើតាម​ការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នារសៀលថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ បើតាមក្រុម​មន្ត្រីឆ្មាំព្រំដែន ទូកខាងលើផ្ទុក​ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា​ប្រហែល ១០០នាក់ បានក្រឡាប់​លិចនៅទន្លេ ណាហ្វ (Naf) ដែលខណ្ឌចែក​​ប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែស ខណៈមកទល់​ពេលនេះ ក្រុមអ្នកជួយសង្រ្គោះ​នៅបន្តការងារ​របស់ពួកគេ​នៅឡើយ។ ដោយឡែក ជុំវិញវិបត្តិ​រ៉ូហ៊ីងយ៉ានេះដែរ ក្រុមមន្ត្រីសិទ្ធិ​មនុស្ស​បានឱ្យដឹងថា ប្រជាជនរ៉ូហ៊ីងយ៉ា​រាប់សិប​នាក់បានស្លាប់ នៅពេលព្យាយាម​ឆ្លងកាត់ព្រំដែន​ ចូលទៅក្នុងទឹកដី​ប្រទេស​បង់ក្លាដែស ដោយមានអ្នក​ខ្លះស្លាប់ដោយ​ជាន់មីន រីឯអ្នកខ្លះទៀត​បាត់បង់ជីវិត នៅក្នុងគ្រោះ​ថ្នាក់លិចទូក។

គួរបញ្ជាក់ថា អំពើហិង្សា​នៅក្នុងរដ្ឋ Rakhine ភាគខាងជើង​ប្រទេស​មីយ៉ាន់ម៉ា បានផ្ទុះឡើង​កាលពី​ខែសីហា ហើយរដ្ឋាភិបាល​លោកស្រី អោង​សាន ស៊ូជី បានទម្លាក់​កំហុសទៅលើ ក្រុម​សកម្មប្រយុទ្ធ​រ៉ូហ៊ីងយ៉ា ព្រមទាំងអះអាង​ដែរថា អ្វីដែលយោធា និងរដ្ឋាភិបាល កំពុងធ្វើគឺដើម្បី​ការពារជន​ស៊ីវិលប៉ុណ្ណោះ។ ប៉ុន្តែក្រុមអង្គការ​សិទ្ធិមនុស្ស បានថ្កោលទោសយ៉ាង​ខ្លាំងចំពោះ​រដ្ឋាភិបាលមីយ៉ាន់ម៉ា សម្រាប់ការបរាជ័យ​ក្នុងការការពារជនស៊ីវិល រីឯអង្គការសហប្រជាជាតិ​ បានព្រមាន​ពីអំពើប្រល័យ​ពូជសាសន៍ លើជនជាតិដើមភាគ​តិចមូស្លីម​រ៉ូហ៊ីងយ៉ា ដែលជាភៀស ខ្លួនខុសច្បាប់​នៅក្នុងកែវភ្នែក​ប្រជាជន​មីយ៉ាន់ម៉ា ៕