(លីបង់)៖ លោក ហាស្សាន ណាស្រាឡាហ៍ (Hassan Nasrallah) មេដឹកនាំក្រុម​សកម្មប្រយុទ្ធ​លីបង់ ហេសបូឡា (Hezbollah) បាននិយាយថា សហរដ្ឋអាមេរិក​សព្វថ្ងៃ​កំពុងតែប្រើ​ប្រាស់កងទ័ព​អាកាស​របស់ខ្លួន ការពារ​ក្រុមភេរវករ ISIS នៅក្នុង​ប្រទេសស៊ីរី។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។

លោក Nasrallah បានថ្លែងថា សហរដ្ឋអាមេរិក​កំពុងតែការពារពួក ISIS នៅតាមតំបន់​មួយចំនួន​របស់ស៊ីរី ក៏ដូចជារារាំងមិនឲ្យ​កងទ័ព​ស៊ីរី​ធ្វើអ្វីដល់ក្រុម​ភេរវករនេះ តាមរយៈការប្រើប្រាស់​កងយន្តហោះ​ចម្បាំងរបស់ខ្លួន។ បន្ថែមពីនេះ លោក Hassan Nasrallah បានបន្ត​ថា​ កងទ័ពរដ្ឋាភិបាល​ស៊ីរី រួមទាំងកងកម្លាំង​ដទៃៗទៀត ដែលនៅស្ម័គ្រ​ស្មោះនឹងទីក្រុង​ដាម៉ាស់ គួរតែវាយដណ្តើមយក​ទឹកដីនៃ​ប្រទេស​របស់ពួកគេ ចេញពីដៃរបស់​ក្រុមភេរវករវិញ ពីព្រោះថា​បើមិន​ដូច្នោះទេ ISIS នឹងនៅតែបន្ត​ធ្វើសកម្មភាព​វាយប្រហារផ្សេងៗ​បន្តទៀត។ យោងតាមលោក Nasrallah នាខណៈពេលនេះក្រុម ISIS មានការគ្រប់គ្រង​តែលើតំបន់មួយភាគ​តូចប៉ុណ្ណោះ នៅតាមព្រំដែន​ប្រទេស​ស៊ីរី ក្បែរៗ​នឹងអ៊ីរ៉ាក់។

គួរបញ្ជាក់ថា ក្រសួងការពារជាតិ​រុស្ស៊ី​នាពេលថ្មីៗនេះ បានចេញ​ផ្សាយរូបភាព​ថតពីលើអាកាស​មួយចំនួន ស្តែងពីបរិក្ខា​របស់កង​កម្លាំង​​ពិសេសអាមេរិក នៅភាគខាងជើង​នៃខេត្ត ឌែរ អេស ហ្ស័រ (Deir ez-Zor) ជាទីដែល​ក្រុម ISIS ស្ថិតនៅ។ ក្រសួងដដែល​បានបន្ថែមថា ពុំមាន​សញ្ញា​ណាមួយ​បង្ហាញពី​ការប៉ះទង្គិច​គ្នា​នៅក្នុងតំបន់នេះ​ឡើយ ហើយពលទាហាន​អាមេរិក មើលទៅ​ហាក់បីដូចជា មានអារម្មណ៍សុខ​​សុវត្ថិភាពខ្លាំង​មួយរយភាគរយ នៅក្នុងតំបន់ ដែលគ្រប់គ្រង​ដោយពួក​ភេរវករ។ ទីក្រុងម៉ូស្គូ ធ្លាប់បានបង្ហាញ​ពីក្តីសង្ឃឹមថា សកម្ម​ភាព​របស់ក្រុម​ចម្រុះអន្តរជាតិ​ដែលដឹកនាំ​ដោយអាមេរិក ប្រឆាំងនឹង ISIS គឺត្រឹមត្រូវស្រប​ទៅតាមគោលដៅ ដូចអ្វីដែលពួកគេ​ធ្លាប់បាន​បញ្ជាក់​​អះអាង​ពីមុន​មក៕

http://images.jpost.com/image/upload/t_Article2016_ControlFaceDetect/391287