(បាងកក)៖ ក្រុមឧទ្ទាម​នៅភាគខាងត្បូងប្រទេសថៃ បានធ្វើការបំផ្ទុះគ្រាប់​បែកតាមដងផ្លូវ​មួយកន្លែង ដើម្បីវាយឆ្មក់លើកងទ័ព​មួយក្រុម នៅខេត្ត​ណា​រ៉ាធីវ៉ាត់ (Narathiwat) ហើយជាលទ្ធផល​ពលទាហាន​ម្នាក់បានបាត់​បង់ជីវិត និងម្នាក់ផ្សេងទៀតបានទទួលរបួសជាទម្ងន់​។ នេះបើតាម​ការចេញ​ផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។

យោងតាមប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុកថៃ កងទ័ពមួយ​អង្គភាពតូច​មានគ្នា ០៨នាក់ បានកំពុងតែធ្វើ​ដំណើរល្បាត​តាមដងផ្លូវ​មួយ​កន្លែង នៅ​លើ​ម៉ូតូ​​ចំនួន​ ០៤​គ្រឿង នៅពេលពួកគេ​បានទទួលរង​ការលួច​វាយប្រហារ ដោយក្រុមឧទ្ទាម ដែលពួនសំងំ​នៅក្នុងគុម្ពព្រៃ ក្បែរដង​​ផ្លូវ​នោះ​។ ក្នុងហេតុការណ៍នេះ ពលទាហាន​ម្នាក់វ័យ ២៥ឆ្នាំ បានស្លាប់ និងម្នាក់កំពុង​តែទទួល ការសម្រាក​ព្យាបាល​នៅឯមន្ទីរពេទ្យ ខណៈ​កង​ទ័ព​ ០៦នាក់ ផ្សេងទៀត មិនបានទទួល​គ្រោះថ្នាក់​អ្វីឡើយ។

គួរបញ្ជាក់ថា​ ខេត្ត Narathiwat, ប៉ាតានី (Pattani), និងយ៉ាឡា (Yala) គឺជាខេត្តទាំង ០៣ នៅចុងភាគខាងត្បូង​ប្រទេសថៃ ដែលតែងតែ​បាន​ជួបប្រទះការបំផ្ទុះ​គ្រាប់បែក និងការវាយប្រហារ​ក្នុងទម្រង់​ដទៃៗ​ទៀត ពីសំណាក់ក្រុម​ឧទ្ទាម អស់រយៈពេល​ ១៣ឆ្នាំ​មកហើយ៕