(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក​ ដូណាល់ ត្រាំ កំពុងដឹកនាំ​សហរដ្ឋអាមេរិក​ ឆ្ពោះទៅរកសង្រ្គាម​លោកលើក​ទី០៣ ហើយការដឹកនាំ​របស់លោក​ គឺសម្របសម្រួល​សម្រាប់កម្មវិធី​ទូរទស្សន៍ ជា​ជាងសេតវិមាន។ នេះបើតាមព្រឹទ្ធសមាជិក លោក បុប ខរខឺ (Bob Corker) ដកស្រង់ដោយ​សារព័ត៌មាន Russian Today នៅរសៀលថ្ងៃចន្ទ​ ទី០៩ ខែតុលា ឆ្នាំ២០១៧។

លោក Bob Corker ជាព្រឹទ្ធសមាជិក​មួយរូប មកពីគណបក្សសាធារណរដ្ឋ បានថ្លែងបែបនេះ​នៅក្នុងកិច្ចសម្ភាសន៍​ជាមួយការសែត New York Times កាលពី​ថ្ងៃអាទិត្យ។ លោក Corker បានគូស​បញ្ជាក់ដូច្នេះថា «​គាត់ (លោក ដូណាល់ ត្រាំ) បារម្ភពីខ្ញុំ... គាត់បារម្ភពីអ្នក​រាល់គ្នា ដែលគិតគូរ​ពីប្រទេស​របស់យើង»។ បន្ថែមពី​លើនេះ ព្រឹទ្ធសមាជិករូបនេះ ក៏បានបង្ហាញពី​ការសង្ស័យ ចំពោះសមត្ថភាព​ដឹកនាំប្រទេស​របស់ លោក ដូណាល់ ត្រាំ ផងដែរ ដោយលោក​បានបន្ទោស​ប្រធានាធិបតីអាមេរិក​រូបនេះថា បានដឹកនាំ​ប្រទេសដូចជា​កម្មវិធី​ទូរទស្សន៍ ព្រមទាំងចេញ​មុខព្រមានឥតឈប់ឈរ​លើបណ្ដា​ប្រទេស​ដទៃ ដែលនេះ​គឺជាផ្លូវនាំសហរដ្ឋអាមេរិក​ ទៅកាន់សង្រ្គាមលោក​លើក​ទី០៣។

គួរបញ្ជាក់ថា ការកត់សម្គាល់​របស់ លោក Bob Corker ធ្វើឡើង​បន្ទាប់ពី លោក ដូណាល់ ត្រាំ បានចេញ​មុខជាថ្មី​ព្រមានកូរ៉េខាងជើង ដោយ​បញ្ជាក់ថា «ដំណោះស្រាយ​តែមួយគត់» នឹងត្រូវ អនុវត្តជាមួយ​ទីក្រុងព្យុងយ៉ាង។ ម្យ៉ាងវិញទៀត​បើទោះជា លោក ត្រាំ មិនបាន​បង្ហើបថា ដំណោះស្រាយនោះ​ជាអ្វីឱ្យប្រាកដ​ក៏ដោយ តែអ្នកជំនាញខ្លះ​ថា លោកចង់សំដៅ​ទៅលើ​ការប្រើប្រាស់​កម្លាំងយោធា ប្រសិនបើកូរ៉េខាងជើង កាន់តែបង្ហាញភាពគគ្លើនខ្លាំងជាងសព្វថ្ងៃនេះទៀត៕