(សេអ៊ូល)៖ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសម្រេចចិត្ត​តម្លើងតំណែង​ប្អូនស្រីបង្កើត​របស់ខ្លួន គឺ​លោកស្រី គីម យូជុង (Kim Yo Jong) ជាជំនួយការនៃ​ការិយាល័យ​នយោបាយ របស់គណៈកម្មាធិការមជ្ឈិម​បក្សពលករ​កូរ៉េ ជាបក្សកាន់អំណាចតែមួយគត់ នៅកូរ៉េខាងជើង ដោយមានមូលហេតុចម្បងមួយចំនួន ក្នុងនោះក៏រួមមានគោលដៅដើម្បីពង្រឹង​អំណាចត្រកូល គីម តាមបណ្តាំ​របស់ជីតា និងឪពុករបស់​លោកផ្ទាល់ផងដែរ។ នេះបើតាម KCNA​​ ដកស្រង់​ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ​ ទី០៩ ខែតុលា ឆ្នាំ២០១៧។

លោក គីម ជុងអ៊ុន និងលោកស្រី គីម យូជុង មានម្ដាយរួមគ្នា គឺលោកស្រី កូ យ៉ុងហ៊ុយ (Ko Yong Hui) ជាប្រពន្ធ​នៃអតីត​មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ីល។ យោងតាម KCNA ពិធីតម្លើង​តំណែង លោកស្រី គីម យូជុង មានអាយុ ៣០ឆ្នាំ ធ្វើឡើងនៅ​អំឡុងជំនួប​ប្រជុំមួយ នៃគណបក្សពលករ​កូរ៉េ កាលពីចុងសប្ដាហ៍កន្លងទៅ ដោយមាន​ការចូលរួម​ដោយផ្ទាល់​ពីសំណាក់ លោក គីម ជុងអ៊ុន និងស្របពេល​លោកស្រី គីម បច្ចុប្បន្នត្រូវ​បាន​សហរដ្ឋអាមេរិក​ដាក់បញ្ចូល​​ទៅក្នុងបញ្ជីខ្មៅ ដោយជាប់ទណ្ឌកម្មជុំវិញការរំលោភ​សិទ្ធិមនុស្ស។

ដោយឡែក ជុំវិញការតម្លើង​ដំណែងនេះដែរ សាស្ត្រាចារ្យ​កូរ៉េខាងត្បូង​ម្នាក់ លោក យ៉ាង ហ៊ូជីន (Yang Moo-Jin) បាននិយាយថា ការសម្រេចចិត្ត​របស់ លោក គីម ជុងអ៊ុន គឺមានមូលហេតុ និងគោលបំណងពង្រីក ការអនុវត្តន៍​របស់ឪពុក និងជីតា​ក្នុងការពង្រឹងអំណាច​ តាមរយៈការតែងតាំង​សាច់ញាតិគ្រួសារខ្លួនឯង​ ឱ្យកាន់តំណែង​នៅក្នុងជួរមន្ត្រី​គណបក្ស​ពលករតែម្តង។

គួរបញ្ជាក់ថា ក្រៅតែពីការ​តម្លើងតំណែង លោក គីម ជុងអ៊ុន ក៏បានក្រើនរំលឹក​ប្រជាជនកូរ៉េខាងជើង​ដែរថា ត្រូវតែប្រមូល​ស្មារតីចាប់អារម្មណ៍​ លើការដាក់ទណ្ឌកម្ម​ពីសហរដ្ឋអាមេរិក និងការ អភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដែលលោកផ្ទាល់​ចាត់ទុកថា ជាវិធានការពារប្រទេស​ពីការឈ្លានពាន ក៏ដូចជារក្សា​សន្តិភាពនៅ​ក្នុងតំបន់៕