(ឡាសវេហ្គាស់)៖ កាលពី​សប្តាហ៍មុន ហេតុការណ៍បាញ់​ប្រហារដ៏សាហាវមួយ បានកើតឡើង​នៅក្នុងទីក្រុង ឡាស វេហ្គាស់ (Las Vegas) នៃរដ្ឋ​នេវ៉ា​ដា (Nevada) ភាគខាងលិច​សហរដ្ឋអាមេរិក និងបានផ្តាច់ជីវិត​មនុស្សជិត ៦០នាក់ ព្រមទាំងបានធ្វើឲ្យជាង ៥០០នាក់​​ទៀត​រងរបួស។ នៅពេលនេះ អ្នកដែលនៅ​រស់រានមានជីវិត​ពីសោកនាដកម្ម​ដ៏អាក្រក់នេះ ក៏បានមុខចែក​រំលែកពីទិដ្ឋភាព​នៅ ពេល​កើត​ហេតុ។​ នេះបើតាម​ការចេញផ្សាយ​ដោយ ស្ថានីយ៍ទូរទស្សន៍ CNN នៅព្រឹក​ថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។

សាក្សីជាច្រើននាក់ បានផ្តល់បទសម្ពាសន៍ អំពីហេតុការណ៍ពិតៗ ដែលជីវិតពួកគេបានជួបប្រទះ ដែលប្រៀបបីដូចជា កំពុងស្ថិតនៅមាត់ទ្វារឋាននរកទៅហើយ។ នៅមុនពេល​កើតហេតុ មនុស្សប្រមាណជាង ២២,០០០នាក់ ដែលបានទៅចូលរួម​ក្នុងថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍ប្រគុំតន្រ្តី Route 91 Harvest Festival ដែលប្រព្រឹត្តទៅក្នុងទីក្រុង Las Vegas នោះ កំពុងកាន់ទូរស័ព្ទដៃរៀងៗខ្លួន ដើម្បីថតយក​កម្មវីធី​ជួប​ជុំ​​ដែល​​គួរ​ឲ្យ​ចង​ចាំ​នេះ ហើយបញ្ចេញសំនៀងច្រៀងតាមតារាចម្រៀងរបស់ពួកគេ។

ស្របពេល​ជាមួយគ្នា នាវេលារំលងម៉ោង ១០៖០០នាទីយប់ ថ្ងៃអាទិត្យសប្តាហ៍មុន (ពេលវេលា​នៅភាគ​ខាងលិចអាមេរិក) បុរសម្នាក់ ដែល​ស្ថិត​នៅ​​ក្នុង​បន្ទប់​ជាន់ទី ៣២ នៃសណ្ឋាគារ-កាស៊ីណូ ម៉ាន់ដាឡាយ (Mandalay Bay) ក្បែរនោះ​កំពុងតែត្រៀម​ខ្លួនក្លាយ​ជាឃាតករដ៏​សាហាវម្នាក់​។ ខណៈដែល​អ្នកចូលរួម កំពុងមាន​ភាពសប្បាយ​រីករាយ​នឹងការប្រគុំ​តន្រ្តី សំឡេងស្នូរ​កាំភ្លើងក៏បាន​លាន់ឡើង ហើយមនុស្សមួួយ​ចំនួន បាន​ស្មានថា គ្រាន់តែជាការបាញ់​កាំជ្រួច។​

យ៉ាងណាមិញ ស្នូរកាំភ្លើង​នៅតែបន្ត ហើយកាន់តែខ្លាំង​ជាងមុន ជាហេតុបានធ្វើឲ្យអ្នករាល់គ្នា​ដឹងច្បាស់ថា ហេតុការណ៍អាក្រក់​កំពុងតែ​កើតឡើង​ចំពោះពួកគេ ដោយមនុស្ស​មួយចំនួនបាន ចាប់ផ្តើមរត់​សំដៅទៅរកផ្លូវចេញ និងខ្លះទៀត​បានរងរបួស និងដួលស្លាប់​ជា​បណ្តើរៗ ស្របពេលដែល​អ្នកផ្សេងទៀត មា​នទាំងក្រាប មានទាំងលូន មានទាំង​លាក់ខ្លួន និងមានអ្នកខ្លះ​សុខចិត្តយកខ្លួន​​ធ្វើជាខែល​​ការពារ​មនុស្ស​​ជាទី​ស្រឡាញ់​ ថែមទៀតផង។

ក្រុមអ្នកគាំទ្រ​ការប្រគុំតន្រ្តី ដែលប៉ុន្មាននាទីមុន​កំពុងតែច្រៀង-រាំយ៉ាងសប្បាយ​ក្អាកក្អាយនោះ បានក្លាយទៅ​ជាចំណីគ្រាប់ភ្លើងរ​បស់​បុគ្គលឈ្មោះ ស្ទេហ្វិក ផេដដក់ (Stephen Paddock) ដែលបានប្រែក្លាយ​បន្ទប់​សណ្ឋាគាររបស់លោក ទៅជាទីតាំង​បាញ់ស៊ីបជាមួយនឹងអាវុធរាប់សិប​ដើម។ ទីបំផុត ក្រុមភ្នាក់ងារ​ជួយសង្រ្គោះ និងសមត្ថកិច្ច​ក៏បានទៅដល់​កន្លែងកើតហេតុ ខណៈជាង ១០នាទី ក្រោយ​មក​សកម្មភាព​បាញ់​​​ប្រហារក៏បាន​ស្ងាត់ទៅវិញ ទោះបីជាសម្រាប់​អ្នកដែលបានជួបប្រទះ​ហេតុការណ៍នេះផ្ទាល់ មានអារម្មណ៍​ដូចជាគ្មានទី​បញ្ចប់ក៏ដោយ។

ដោយឡែក នៅក្នុង​សណ្ឋាគារ Mandalay Bay វិញ​កម្លាំងប៉ូលិស​អាមេរិក ក៏បានសម្រុក​ចូលទៅក្នុងបន្ទប់​របស់ខ្មាន់កាំភ្លើង តែបាន​ឃើញ​សាកសពបុរសម្នាក់ ដេកស្លាប់នៅលើ​កម្រាលព្រំ ទំនងជាក្រោមស្នាដៃ​ខ្លួនឯង ដោយមានកាំភ្លើង​វែងរាប់សិបដើម និងប្រអប់​គ្រាប់កាំភ្លើង​ជាច្រើនទៀត ពាសពេញ​បន្ទប់តែម្តង បន្ទាប់ពីបុរសវ័យ ៦៤ឆ្នាំរូបនេះ បានផ្តាច់​ជីវិតមនុស្ស ៥៩នាក់ និងបណ្តាល​ឲ្យ​របួស​​ចំនួន ៥២៧នាក់៕