(មីយ៉ាន់ម៉ា)៖ មនុស្សយ៉ាង​ហោចណាស់ ១២នាក់ស្លាប់ និងជាច្រើននាក់​ទៀត ក្នុងនោះរួមមាន​ទាំងកុមារ​កំពុងបាត់ខ្លួន បន្ទាប់ពីទូកដឹក​ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលកំពុង​រត់គេចពីអំពើ ហិង្សានៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បានក្រឡាប់លិច ​នៅអំឡុងពេលធ្វើដំណើរ​ទៅកាន់ប្រទេស​បង់ក្លាដែស។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃច័ន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ បើតាមក្រុម​មន្ត្រីឆ្មាំព្រំដែន ទូកខាងលើផ្ទុក​ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា​ប្រហែល ១០០នាក់ បានក្រឡាប់​លិចនៅទន្លេ ណាហ្វ (Naf) ដែលខណ្ឌចែក​​ប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែស ខណៈមកទល់​ពេលនេះ ក្រុមអ្នកជួយសង្រ្គោះ​នៅបន្តការងារ​របស់ពួកគេ​នៅឡើយ។ ដោយឡែក ជុំវិញវិបត្តិ​រ៉ូហ៊ីងយ៉ានេះដែរ ក្រុមមន្ត្រីសិទ្ធិ​មនុស្ស​បានឱ្យដឹងថា ប្រជាជនរ៉ូហ៊ីងយ៉ា​រាប់សិប​នាក់បានស្លាប់ នៅពេលព្យាយាម​ឆ្លងកាត់ព្រំដែន​ ចូលទៅក្នុងទឹកដី​ប្រទេស​បង់ក្លាដែស ដោយមានអ្នក​ខ្លះស្លាប់ដោយ​ជាន់មីន រីឯអ្នកខ្លះទៀត​បាត់បង់ជីវិត នៅក្នុងគ្រោះ​ថ្នាក់លិចទូក។

គួរបញ្ជាក់ថា អំពើហិង្សា​នៅក្នុងរដ្ឋ Rakhine ភាគខាងជើង​ប្រទេស​មីយ៉ាន់ម៉ា បានផ្ទុះឡើង​កាលពី​ខែសីហា ហើយរដ្ឋាភិបាល​លោកស្រី អោង​សាន ស៊ូជី បានទម្លាក់​កំហុសទៅលើ ក្រុម​សកម្មប្រយុទ្ធ​រ៉ូហ៊ីងយ៉ា ព្រមទាំងអះអាង​ដែរថា អ្វីដែលយោធា និងរដ្ឋាភិបាល កំពុងធ្វើគឺដើម្បី​ការពារជន​ស៊ីវិលប៉ុណ្ណោះ។ ប៉ុន្តែក្រុមអង្គការ​សិទ្ធិមនុស្ស បានថ្កោលទោសយ៉ាង​ខ្លាំងចំពោះ​រដ្ឋាភិបាលមីយ៉ាន់ម៉ា សម្រាប់ការបរាជ័យ​ក្នុងការការពារជនស៊ីវិល រីឯអង្គការសហប្រជាជាតិ​ បានព្រមាន​ពីអំពើប្រល័យ​ពូជសាសន៍ លើជនជាតិដើមភាគ​តិចមូស្លីម​រ៉ូហ៊ីងយ៉ា ដែលជាភៀស ខ្លួនខុសច្បាប់​នៅក្នុងកែវភ្នែក​ប្រជាជន​មីយ៉ាន់ម៉ា ៕