(ម៉ាឌ្រីត)៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Mariano Rajoy បាននិយាយថា រដ្ឋាភិបាលទីក្រុងម៉ាឌ្រីត នឹងប្រើប្រាស់គ្រប់វិធានការច្បាប់ទាំងអស់ ដើម្បីរារាំងការប្រកាសឯករាជ្យរបស់តំបន់ស្វយ័តកាតាឡាន់ (Catalonia)។ ព្រមពេលជាមួយ លោក Rajoy ក៏បានបញ្ជាក់ដែរថា គ្មានទេកិច្ចចរចា ហើយរដ្ឋាភិបាលនឹងនៅតែរក្សាប៉ូលិសសហព័ន្ធនៅក្នុងតំបន់ ជាទីដែលមនុស្ស ៨៤៤នាក់រងរបួសនៅក្នុងការប៉ះទង្គិចគ្នា ដោយហិង្សានៅអំឡុងការបោះឆ្នោតប្រជាមតិប្រកាសឯករាជ្យកាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី០៨ ខែតុលា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន El Pais លោក Mariano Rajoy បានលើកឡើងដូច្នេះថា៖ «រដ្ឋាភិបាលនៅតែប្រកាន់គោលជំហរដដែល ជុំវិញការប្រកាសឯករាជ្យរបស់តំបន់ កាតាឡាន់ ពោលគឺគ្មានឡើយកិច្ចចរចា រហូតទាល់តែរដ្ឋាភិបាលកាតាឡាន់ បោះបង់ចោលមហិច្ឆតាចង់បានឯករាជ្យ»។

នាយករដ្ឋមន្ត្រីរូបនេះបន្ថែមទៀតថា៖ «យើងកំពុងរារាំងការប្រកាស ឯករាជ្យអនុឡោមតាមច្បាប់របស់យើង ហើយនេះគឺជាអ្វីដែលខ្ញុំអាចប្រាប់អ្នកយ៉ាងម៉ឺងម៉ាត់ថា ឯករាជ្យនេះនឹងមិនអាចកើតឡើងជាដាច់ខាត...ជាងនេះទៅទៀតខ្ញុំក៏ចង់ប្រាប់អ្នកដែរថាយើង មិនត្រូវការអ្នកសម្របសម្រួលឡើយ ត្បិតអ្វីដែលយើងត្រូវការនោះគឺអ្នកល្មើស និងអង្គុយលើច្បាប់នឹងកែប្រែគោលជំហរពួកគេឡើងវិញ»។

គួរបញ្ជាក់ថា បើតាមការបោះឆ្នោតប្រជាមតិកាលពីថ្ងៃទី០៦ ខែតុលា ប្រជាជនកាតាឡាន់ជាង៩០,១៨ភាគរយ បានបោះឆ្នោតគាំទ្រឱ្យតំបន់របស់ខ្លួនប្រកាសឯករាជ្យផ្ដាច់ខ្លួនពីអេស្ប៉ាញ ហើយបើទោះជាមានការព្រមានពីទីក្រុងម៉ាឌ្រីតក៏ដោយ ក៏មេដឹកនាំតំបន់ស្វយ័តនេះ បានប្រកាសថា ខ្លួនគ្រោងនឹងប្រកាសឯករាជ្យនៅថ្ងៃចន្ទស្អែកនេះ (ម៉ោងនៅក្នុងតំបន់) ខណៈគេរំពឹងថា បាតុកម្មតវ៉ា និងអំពើហិង្សាអាចផ្ទុះឡើងជាថ្មី៕