(វ៉ាស៊ីនតោន)៖ គ្រួសារមួយនៃជនរងគ្រោះម្នាក់ ស្ថិតក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិតនៅក្នុងការបាញ់ប្រហារដ៏រង្គាល ក្នុងទីក្រុងឡាស វេហ្គាស់ (Las Vegas) រដ្ឋ ណេវ៉ាដា (Nevada) កាលពីសប្ដាហ៍មុន បានស្នើឱ្យតុលាការបង្កើតគណៈកម្មាការពិសេស មួយដើម្បីត្រួតពិនិត្យ ឬរឹបអូសទ្រព្យសម្បត្តិរបស់ខ្មាន់កំាភ្លើងឈ្មោះស្ទេហ្វិន ផេកដក់ (Stephen Paddock)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី០៨ ខែតុលា ឆ្នាំ២០១៧។

លោក John Phippen អាយុ៥៦ឆ្នាំ មកពីទីក្រុង Santa Clarita​ នៃរដ្ឋ California បានចូលរួមទស្សនា ពិធីប្រគុំតន្ត្រីជាមួយកូនប្រុសលោក ឈ្មោះ Travis ជាគ្រូពេទ្យម្នាក់។ នៅពេល Travis ព្យាយាមជួយអ្នករងរបួសម្នាក់ លោក Phippen ក៏បានស្ថិតនៅជាមួយកូនប្រុស របស់ខ្លួនដែរ និងនៅពេលនោះហើយដែលលោកត្រូវបាញ់សម្លាប់។ នេះបើតាមសាក្សីម្នាក់ ឈ្មោះ Leah Nagiyvanyi។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក មេធាវីរបស់លោក John Phippen បានសម្រេចិត្តដាក់ញត្តិមួយទៅកាន់តុលាការស្នើឱ្យបង្កើត គណៈកម្មាការមួយ ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងទ្រព្យសម្បតិ្តរបស់ខ្មាន់កាំភ្លើង ដែលនេះអាចនឹងបើកផ្លូវឱ្យមានការដាក់ ពាក្យបណ្ដឹងសម្រាប់គ្រួសារជនរងគ្រោះទាំងអស់។

គួររំលឹកថា កាលយប់ថ្ងៃអាទិត្យសប្ដាហ៍មុន ខ្មាន់កំាភ្លើង ស្ទេហ្វិន ផេកដក់ (Stephen Paddock) បានធ្វើសកម្មភាព​បាញ់ប្រហារ ទៅលើហ្វូង​​មនុស្សយ៉ាងច្រើន​កុះករ​ជាង ២២,០០០នាក់ ដែលកំពុង​ចូលរួមក្នុង​ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍​ប្រគុំតន្រ្តីកណ្តាល​វាលដ៏ធំមួយចេញ​ពី​បន្ទប់ជាន់ទី ៣២ របស់លោកនៃសណ្ឋាគារ-កាស៊ីណូ ម៉ាន់ដាឡាយ បេយ (Mandalay Bay)។ ប៉ុន្តែ ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បានបញ្ជាក់ថាខ្មាន់កាំភ្លើងរូបនេះ ដែលបានបាញ់រះ​សម្លាប់មនុស្សប្រមាណ ៥៩នាក់ និងបណ្តាលឲ្យរបួស ៥២៧នាក់ ពុំមានទំនាក់ទំនងអ្វី មួយជាមួយនិង​ក្រុម ISIS ឡើយ ទោះបីជាពួកភេរវករនេះ បានចេញមុខអះអាងថាជាទង្វើរបស់ខ្លួនយ៉ាងណាក្តី៕