(អាមេរិក)៖ តម្លៃប្រេងនៅក្នុងទីផ្សារ​សាកល នឹងនៅបន្តស្ថិតក្នុងចន្លោះពី ៥០ដុល្លារ ទៅ ៦០ដុល្លារ ក្នុងមួយបារ៉ែល​ដដែល រហូតដល់ចុង​ឆ្នាំ២០២០ ដែលជា​ពេល​វា​​នឹងហក់ងើបឡើង​មកវិញសាជាថ្មី។ នេះបើតាម​របាយការណ៍​របស់គ្រឹះស្ថាន​បោះពុម្ពផ្សាយ ស្តីពីវិស័យ​ឧស្សាហកម្ម​ប្រេងឥន្ទនៈ Oil & Gas Journal ដក​ស្រង់ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍​ចេញផ្សាយនា​ពេលថ្មីៗនេះ ការព្យាករណ៍​ខាងលើ ធ្វើឡើងដោយផ្អែក​លើកត្តាវិជ្ជមាន និងអវិជ្ជ​មាន​​មួយ​​ចំនួន​ ដែលត្រូវគេរំពឹងថា នឹងជះឥទ្ធិពល​ទៅលើភាពឆាប់រហ័ស នៃការធ្វើឲ្យមានតុល្យភាពទីផ្សារ និងការស្តារតម្លៃ​ឡើងវិញ​នៅ​ក្នុង​រយៈ​ពេល​មធ្យម ព្រមទាំងក្នុង​រយៈពេលវែង៕