(តូក្យូ)៖ មនុស្ស ០៦នាក់ ក្នុងនោះមានកុមារ ០៥នាក់ និងស្ត្រីម្នាក់​បានស្លាប់ នៅក្នុងអគ្គិភ័យឆាបឆេះ​អគារមួយកន្លែង ស្ថិតនៅ​ភាគខាងកើត​ប្រទេសជប៉ុន នៅព្រឹក ថ្ងៃសុក្រនេះ។ នេះបើតាម​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុក ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០១៧។

ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុកជាច្រើន បានឱ្យដឹងទៀតថា អគ្គិភ័យនេះ​បានឆាបឆេះអគារ​មួយមាន​កម្ពស់ ៣ជាន់ ស្ថិតនៅទីក្រុង ហ៊ីតាឈី (Hitachi) នៃខេត្ត អ៊ីបារ៉ាគិ (Ibaraki) នៅម៉ោងប្រមាណជា ៤៖៥០នាទីព្រឹក ហើយត្រូវបាន​ពន្លត់ដោយក្រុម​ពន្លត់អគ្គិភ័យ នៅម៉ោង ៥៖៥០នាទីព្រឹក។ ក៏ប៉ុន្តែទន្ទឹមគ្នា ប៉ូលិសនៅក្នុង​តំបន់ក៏បានអះអាងដែរថា អគ្គិភ័យនេះបង្កឡើង​ដោយបុរសម្នាក់ ដែលបានមក សារភាពនៅ​ចំពោះមុខប៉ូលិស ដូច្នេះថា «ខ្ញុំបានដុតផ្ទះ​របស់ខ្លួនឯង នៅពេលប្រពន្ធ និងកូនទំាង ០៥នាក់ របស់ខ្ញុំនៅក្នុងផ្ទះ»។

យ៉ាងណាក៏ដោយ មូលហេតុដែល​នាំឱ្យបុរសរូបនេះ​ដុតផ្ទះរបស់ខ្លួន មិនទាន់ត្រូវបាន​គេបញ្ជាក់នៅ​ឡើយទេ​ ខណៈប៉ូលិសជឿជាក់​ថា មនុស្សដែលបានស្លាប់​មានស្ត្រីម្នាក់ និងក្មេងប្រុសមាន​អាយុចន្លោះពី ០៣ឆ្នាំ ទៅ០៦ឆ្នាំចំនួន ០៤នាក់ រួមទាំងក្មេងស្រី​ម្នាក់មានអាយុ ១១ឆ្នាំ៕

{IfMobile}

{ElseMobile}

{EndIfMobile}