(ញូយ៉ក)៖ អង្គការសហប្រជាជាតិ (UN) ​បានសម្រេចចិត្តដាក់​បញ្ចូលក្រុមចំរុះ​អារ៉ាប់ ដឹកនាំដោយ​អារ៉ាប៊ីសាអូឌីត ទៅក្នុងបញ្ជីខ្មៅ​នៃរបាយការណ៍​របស់ខ្លួនស្ដីពីកុមារ និងជម្លោះ​ប្រដាប់អាវុធ ដែលបានបង្ក​ឱ្យកុមារស្លាប់ និងរបួសនៅក្នុង​ប្រទេសយ៉េមែន។ នេះបើតាមការ​ចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០១៧។

យោងតាមរបាយការណ៍​ខាងលើ ដាក់ជូនក្រុម​ប្រឹក្សាសន្តិសុខ កាលពី​ថ្ងៃព្រហស្បតិ៍ អង្គការ​សហប្រជាជាតិ ក៏បានដាក់បញ្ចូល​ក្រុមឧទ្ទាម​ហ៊ូទី កងកម្លាំងរដ្ឋាភិបាល ព្រមទាំងក្រុម​ឧទ្ទាមគាំទ្រ​រដ្ឋាភិបាល និងក្រុមអាល់កៃ​នៅក្នុងឧបទ្វីប​អារ៉ាប់ ទៅក្នុងបញ្ជីខ្មៅ​នៃការរំលោភបំពាន​ លើកុមារនៅ​យ៉េមែន​ផងដែរ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យ​អគ្គលេខាធិការ​អង្គការសប្រជាជាតិ លោក ស្ទេហ្វិន ឌូហ្សារិច (Stephane Dujarric) បានបញ្ជាក់ថា កុមារមិន​តិចជាង ១,៣៤០នាក់ ឡើយត្រូវបានសម្លាប់ ឬរងរបួស ឬក៏ពិកាកាលពី​ឆ្នាំ២០១៦។ តែទោះជាយ៉ាងនេះក្ដី លោកក៏បាន​ទទួលស្គាល់​ដែរថា កាលពីឆ្នាំ២០១៦ ក្រុមចំរុះអារ៉ាប់ បានចាត់វិធានការ​ជាច្រើន​ ក្នុងការកាត់បន្ថយ​ផលប៉ះពាល់ទៅលើកុមារ ក្នុងនោះ​រួមមានទាំង​ការបង្កើត​ក្រុមឃ្លាំ​មើល រាល់​ឧប្បដិហេតុកើតឡើង​លើជនស៊ីវិល និងកុមារ។

គួរបញ្ជាក់ថា សង្រ្គាមរវាង​រដ្ឋាភិបាលយ៉េមែន និងក្រុមឧទ្ទាមហ៊ូទី មានអ៊ីរ៉ង់​កាងនៅពីក្រោយ បានផ្ទុះឡើង​កាលពីឆ្នាំ២០១៥មកម្ល៉េះ ហើយនៅខែមីនា ឆ្នាំដដែល តាមរយៈសំណើ​ពីរដ្ឋាភិបាល យ៉េមែន ទើបក្រុមចំរុះ​អារ៉ាប់មាន អារ៉ាប៊ីសាអូឌីត បារ៉ែន គុយវ៉ែត អេមីរ៉ាត់អារ៉ាប់រួម អេហ្ស៊ីប ហ្ស៊កដានី មូរ៉ូកូ និងស៊ូដង់ (កាតាត្រូវ​បានដកសមាជិកភាព កាលពីខែមិថុនា) ដឹកនាំ​ប្រតិបត្តិការ យោធាប្រឆាំង​នឹងក្រុម​ឧទ្ទាមហ៊ូទី។ ក៏ប៉ុន្តែ​សង្រ្គាមនេះបានបង្កឱ្យ​ ប្រជាជនយ៉េមែន​ស្លូតត្រង់​ជាច្រើនពាន់នាក់​បានស្លាប់ រីឯកុមារជិត​ពីរលាននាក់​ប្រឈមមុខកង្វះ​អាហារូបត្ថម្ភ ខណៈ​មនុស្ស ៧០០,០០០នាក់ បាននិងកំពុង​រងគ្រោះ​ដោយសារជំងឺ​អាសន្នរោគ៕

{IfMobile}

{ElseMobile}

{EndIfMobile}