(មិចស៊ីកូ)៖ អគារ​ចន្លោះពី ៨០០ខ្នង ទៅជាង ១,០០០ខ្នង នៅក្នុងទីក្រុង​មិចស៊ីកូ ត្រូវបានបំផ្លាញ​ដោយសារ​គ្រោះរញ្ជួយដី​​កំរិត ៧.១រ៉ិចទ័រ ដែលបានវាយប្រហារ​មកលើតំបន់​ភាគកណ្ដាលប្រទេស មិចស៊ីកូ កាលពីពាក់​កណ្ដាល​ខែកញ្ញា។ នេះបើតាម​អភិបាលក្រុង​មិចស៊ីកូ លោក មីហ្គែល អាន់ជែល ម៉ាន់សេរ៉ា (Miguel Angel Mancera) ដកស្រង់​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០១៧។

យោងតាម​លោក Miguel Angel Mancera អគារ​សរុប ១,១៩៣ខ្នងផ្សេងទៀត ក៏ត្រូវចាំបាច់​ត្រូវការត្រួតពិនិត្យ​ឡើងវិញ​ផងដែរ ដើម្បីឲ្យដឹងថាតើអគារទាំងនេះ ត្រូវដាក់បញ្ចូល​ក្នុងចំណោម​អគារចន្លោះពី ៨០០ ទៅ ១,០០០ខ្នងនេះ ដែលទទួលរង​ការខូចខាត​ធ្ងន់ធ្ងរ ឬត្រូវជួសជុល​ដែរ ឬទេ។ ចំណែកឯ​ក្រុមអ្នកជំនាញ ក៏បានអះអាងដែរថា ពួកគេបានធ្វើការត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ​ក្នុងទីក្រុង បានជាង ៩៤ភាគរយ​ ដោយពួកគេបាន​បែងចែក​កំរិត នៃការបំផ្លិចបំផ្លាញ​ជាបីកំរិតគឺ ពណ៌បៃតង​សម្រាប់ការខូចខាតតូចតាច ពណ៌លឿងសម្រាប់ការខូចខាតមធ្យម និងពណ៌ក្រហម​សម្រាប់ ការខូចខាតធ្ងន់ធ្ងរ។

គួររំលឹកថា គ្រោះរញ្ជួយដី​កំរិត ៧.១រ៉ិចទ័រ កាលពីពាក់​កណ្ដាល​ខែកញ្ញា បានសម្លាប់​មនុស្ស ៣៦៩នាក់ ក្នុងនោះមាន ២២៨នាក់ នៅក្នុងទីក្រុង​មិចស៊ីកូ៕

{IfMobile}

{ElseMobile}

{EndIfMobile}