(មីយ៉ាន់ម៉ា)៖ កំពូលបវរកញ្ញាមីយ៉ាន់ម៉ា ត្រូវបានដកចេញពី​តំណែង បន្ទាប់ពីរូបនាង​បានបង្ហោះឃ្លីប​វីដេអូមួយ ចោទប្រកាន់លើ​​ក្រុម​សកម្មប្រយុទ្ធ​មូស្លីម ARSA ថា ជាដើមហេតុបង្ក​ឲ្យមានអំពើហិង្សា​នាពេល​បច្ចុប្បន្ននេះ នៅក្នុង​រដ្ឋរ៉ាឃីន (Rakhine) ភាគ​ខាង​ជើង​ប្រទេស។ នេះបើតាមបវរ​កញ្ញាឯករូបនេះ​ផ្ទាល់ គឺកញ្ញា ស្វេ អៀន ស៊ី (Shwe Eain Si) ដកស្រង់សម្តី​ដោយសារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០១៧។

បវរកញ្ញាវ័យ ១៩ឆ្នាំ រូបនេះ​បានបង្ហោះ​វីដេអូខាងលើ នៅលើបណ្តាញ​ទំនាក់ទំនង​សង្គម Facebook កាលពីថ្ងៃទី២៤ ខែកញ្ញាកន្លងទៅ ក្នុងគោលបំណង​ចង់ជូនដំណឹង​ទៅកាន់ជនរួមជាតិ​មីយ៉ាន់ម៉ាទាំង​អស់ អំពីស្ថានការណ៍​នៃអំពើហិង្សា ដែល​កំពុងកើត​មានឡើង នៅ​ក្នុង​រដ្ឋ Rakhine។ ឃ្លីបវីដេអូនេះ បានចាប់ផ្តើម​ដោយកញ្ញា Eain Si និយាយទៅកាន់​អ្នកទស្សនា ខណៈរូបភាព​មួយចំនួនរួមមាន​ទាំង​កុមារ ដែលមានស្នាម​របួសនៅលើផ្ទៃមុខ​របស់ពួកគេ លេចឡើង​នៅក្នុង​វីដេអូផងដែរ។

ជាការឆ្លើយតប​ចំពោះការបង្ហោះ​ឃ្លីបវីដេអូនេះ ក្រុមហ៊ុន Hello Madam Group ដែលជាម្ចាស់​ឧបត្ថម្ភកម្មវិធី​បវរញ្ញានេះ បាន​សម្រេច​ចេញ​សេចក្តីប្រកាសថា បរវកញ្ញាឯក Shwe Eain Si ដែលទើប​តែឈ្នះតំណែង​នេះថ្មីៗនោះ នឹងមិនអាចបន្ត​គ្រងតំណែងនេះ​បានទៀត​ឡើយ បន្ទាប់ពីកញ្ញា​បានបំពាន​លើលក្ខខណ្ឌ​នៃកិច្ចសន្យា។

គួរបញ្ជាក់ថា ដោយមិនបាន​សំដៅចំៗទៅលើ ការបង្ហោះ​វីដេអូនៅលើ Facebook ក្រុមហ៊ុន Hello Madam Group បានគូស​បញ្ជាក់​​ថា កញ្ញា Eain Si មិនបានប្រព្រឹត្តខ្លួន​ឲ្យសមជាបវរកញ្ញាគំរូមួយ​រូបឡើយ។ យ៉ាងណាមិញ បើតាម​បវរកញ្ញា Eain Si ផ្ទាល់ ដែល​ពេល​​នេះ​​បាន​បាត់បង់តំណែងរបស់ខ្លួនហើយនោះ ការដកតំណែងនេះ ត្រូវបានធ្វើឡើង ពីព្រោះតែការបង្ហោះ​ឃ្លីប​វី​ដេ​អូ​ដ៏ជាក់ស្តែងរបស់កញ្ញា ស្តីពីស្ថានការណ៍នៅក្នុងរដ្ឋ Rakhine៕

បើតាមរបាយការណ៍ UN ជនជាតិដើមភាគ​តិចមូស្ល៊ីម រ៉ូហ៊ីងយ៉ា ជាងកន្លះលាននាក់ បានភៀសខ្លួនទៅ​កាន់បង់ក្លាដែស ចាប់​តាំង​តែ​ពី​​ថ្ងៃ​ទី២៥ ខែ​សីហាមក នៅពេលដែលក្រុមឧទ្ទាម ARSA បានវាយប្រហារទៅ​លើប៉ុស្តិ៍ប៉ូលិស ហើយបង្កឲ្យ​ប្រតិបត្តិការក្តៅ បង្រ្កាបតប​តទៅវិញពីសំណាក់​រដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលបានសម្លាប់ជនជាតិមូស្លីម​រ៉ូហ៊ីងយ៉ារាប់រយនាក់៕