(ព្រុចសែល)៖ អនុប្រធានទី១ នៃគណៈកម្មាការអឺរ៉ុប លោក ហ្វ្រង់ ធីមមើម៉ាន់ (Frans Timmermans) បាននិយាយថា សមាជិកសហភាព​អឺរ៉ុប​ទាំងអស់ មានសិទ្ធិប្រើប្រាស់កម្លាំងដែល «សមហេតុសមផល» ដើម្បីការពារការ​អនុវត្តន៍ច្បាប់។ នេះបើតាមការ​ចេញផ្សាយ​ដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០១៧។

ការថ្លែងបែប​នេះរបស់ លោក Frans Timmermans ធ្វើឡើងតែបី​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​មនុស្សជាង ៨៤៤នាក់ បានរងរបួស​ដោយសារ​តែ​អំពើហិង្សា ប្រព្រឹត្តឡើង​ដោយ​ប៉ូលិសអេស្ប៉ាញ នៅអំឡុងពេល​ព្យាយាមបញ្ឈប់​ការបោះឆ្នោត​ប្រជាមតិ​ប្រកាសឯករាជ្យ របស់តំបន់​កាតាឡាន (Catalonia) កាលពី​ថ្ងៃអាទិត្យ ខណៈអង្គការ​សិទ្ធិមនុស្សបានថ្កោលទោស​យ៉ាងខ្លាំង ចំពោះ ចំណាត់ការ​របស់អាជ្ញាធរ​អេស្បាញ។

ថ្លែងទៅកាន់សភាអឺរ៉ុប លោក Timmermans បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «វាគឺជាកាតាព្វកិច្ច​សម្រាប់រាល់​រដ្ឋាភិបាល​នានា ក្នុងការ​ការពារនីតិរដ្ឋ ហើយជួនកាល​វាក៏តម្រូវឱ្យប្រើប្រាស់​កម្លាំង​សមហេតុសមផល​ផងដែរ... ការគោរពច្បាប់មិនមែន​ជាជម្រើស​នោះទេ តែរឿងជា​ចាំបាច់​ត្រូវធ្វើ»

គួរបញ្ជាក់ថា យោងតាមលទ្ធផល​បោះឆ្នោតប្រជាមតិ​កាលពីថ្ងៃអាទិត្យ ប្រជាជនតំបន់​កាតាឡានជាង ៩០ភាគរយ បានគាំទ្រ​ឱ្យតំបន់ស្វយ័ត​មួយនេះ ផ្ដាច់ខ្លួនពី​ប្រទេស​អេស្ប៉ាញ មិនតែប៉ុណ្ណោះ បើទោះជា​មានការជំទាស់ និងការគំរាម​ពីទីក្រុងម៉ាឌ្រីត​ក៏ដោយ ក៏មេដឹកនាំ​តំបន់​​កាតាឡាន (Catalonia)​ អាចនឹង​ប្រកាស​ឯករាជ្យនេះ នៅថ្ងៃចន្ទសប្តាហ៍​ក្រោយ៕