(ឡាសវេហ្គាស់)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរ​ទៅកាន់ទីក្រុង​ ឡាស វេហ្គាស់ (Las Vegas) នៅ​បី​ថ្ងៃ​បន្ទាប់​​ពី​ទីក្រុងនេះ បានប្រឈមមុខ​នឹងករណីបាញ់​ប្រហារយ៉ាង​សាហាវបំផុត ក្នុងប្រវត្តិសាស្រ្ត​សម័យទំនើប​របស់​សហរដ្ឋអាមេរិក ដែលបាន​​ផ្តាច់យកអាយុ​ជីវិតមនុស្ស ៥៩នាក់ និងបង្ក​ឲ្យរបួស ៥២៧នាក់ ផ្សេងទៀត ដើម្បីសម្តែង​ការសោកស្តាក និងចូលរួម​រំលែកទុក្ខ​ចំពោះ​​​ជនរងគ្រោះទាំងអស់។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ​២០១៧។

លោក ដូណាល់ ត្រាំ និងភរិយា​លោកស្រី មេឡានៀ ត្រាំ បានធ្វើទស្សនកិច្ច​នៅឯ​មន្ទីរពេទ្យ University Medical Center នៅ​ភាគ​ខាង​ត្បូង​រដ្ឋនេវ៉ាដា (Nevada) ដើម្បីសួរសុខទុក្ខ​ជនរងគ្រោះ និងសំណេះសំណាល​ជាមួយក្រុម​វេជ្ជបណ្ឌិត​នៅទីនោះ។ បន្ទាប់មកទៀត លោក ត្រាំ បានជួបជាមួយ​សមត្ថកិច្ច និងជនស៊ីវិល​ដទៃទៀត ដែលបានប្រថុយ​ជីវិតរបស់ខ្លួន នៅក្នុង​ហេតុការណ៍​​បាញ់ប្រហារ​យ៉ាង​កក្រើកនេះ ធ្វើឡើងដោយ​ខ្មាន់កាំភ្លើង​ឈ្មោះ ស្ទីវិន ផេដដក់ (Stephen Peddock) វ័យ ៦៤ឆ្នាំ ចេញលើបន្ទប់ជាន់ទី៣២ នៃសណ្ឋាគារ ម៉ានដាឡាយ បេយ៍ (Mandalay Bay) ទៅលើហ្វូង​មនុស្សជាង ០២ម៉ឺននាក់ ដែលបានទៅ​ចូលរួម​យប់ចុង​ក្រោយ​ នៃព្រឹត្តិការណ៍​ប្រគុំ​តន្រ្តី Route 91 Harvest Country Music Festival។

គួរបញ្ជាក់ថា នាឱកាស​នៃការចុះទស្សនកិច្ច​នៅក្នុង​ទីក្រុង Las Vegas នេះ លោក ដូណាល់ ត្រាំ មិនបានលើកឡើង​អំពីបញ្ហានៃច្បាប់​ប្រើប្រាស់កាំភ្លើង ដែលកំពុងក្លាយ​ជាប្រធានបទ នៃការជជែកដេញដោល​ដ៏ក្តៅគគុក នៅសហរដ្ឋអាមេរិក​នោះឡើយ៕