(សេអ៊ូល)៖ អគ្គមេបញ្ជាការកងទ័ពអាកាសអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក លោកឧត្តមសេនីយ៍ ទែរែន អូហ្សកណែស្ស៊ី (Terrence O’Shaughnessy) បានបញ្ជាក់ថា យន្តហោះចម្បាំងនានារបស់​សហរដ្ឋអាមេរិក នឹងបន្តការហោះហើរក្បែរតំបន់ឧបទ្វីបកូរ៉េដដែល ដោយគោរពតាមច្បាប់​អន្តរជាតិ បើទោះបីជាមាន​ការព្រមាន​បាញ់ទម្លាក់ ពីសំណាក់កូរ៉េខាងជើង​ក៏ដោយ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានរុស្ស៊ី Sputnik នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០១៧។

កាលពីពេលថ្មីៗនេះ ឆ្លើយតបទៅនឹង​ការបញ្ជា​យន្តហោះចម្បាំង រួមទាំងយន្តហោះ​ទម្លាក់​គ្រាប់បែក​ដ៏មាន​ឥទ្ធិពល B-1B នៅក្បែរឧបទ្វីប​កូរ៉េនោះ កូរ៉េខាងជើង​បានបង្ហាញភាពក្តៅ​ក្រហាយយ៉ាងខ្លាំង និងព្រមានបាញ់​ទម្លាក់ទៀតផង។ ទោះបីជា​បែបនេះក្តី សហរដ្ឋអាមេរិក​ហាក់មិនបាន​អើពើទៅនឹង​ការព្រមាន​នេះឡើយ ហើយថែម​ទាំងបានធ្វើការចេញសេចក្តីថ្លែងការណ៍ ដោយ​មេបញ្ជាការយោធា​ថ្នាក់តំបន់របស់ខ្លួន​ជាសាធារណថែមទៀត អំពីការហោះហើរ​ជាថ្មីនៃយន្តហោះ​ចម្បាំងនេះ។

គួរបញ្ជាក់ថា មួយរយៈពេល​ចុងក្រោយនេះ ប្រទេសកូរ៉េខាងជើង​បានទទួលរងទណ្ឌកម្ម​កាន់តែធ្ងន់ធ្ងរ បន្ថែមទៀតពីសំណាក់​អង្គការសហប្រជាជាតិ និងការដាក់ចូល​ក្នុងបញ្ជីខ្មៅនៃការធ្វើដំណើរ ពីសំណាក់​សហរដ្ឋអាមេរិក។ បន្ថែមពីនេះទៀត ប្រទេសចិន​ក៏បានចាប់ផ្តើមអនុវត្តន៍​ទណ្ឌកម្ម UN ដោយបិទក្រុមហ៊ុន​​កូរ៉េខាងជើង និងបណ្តេញ​ពលករកូរ៉េខាងជើងរាប់ម៉ឺននាក់​ ត្រឡប់ទៅស្រុក​កំណើតវិញ​ទៀតផង៕