(តួកគី)៖ តុលាការមួយរបស់តួកគី បានផ្តន្ទាទោស​អតីតទាហានចំនួន៣៤នាក់ ឲ្យម្នាក់ៗជាប់ពន្ធធនាគារអស់មួយជីវិតដោយចោទប្រកាន់ថា បានចូលរួមក្នុង គម្រោងសម្លាប់ លោកប្រធានាធិបតី Recep Tayyip Erdogan នៅអំឡុងពេលប៉ន់ប៉ង់ធ្វើរដ្ឋប្រហារមួយកាលពីឆ្នាំមុន, នេះបើយោងតាមសារព័ត៌មាន Anadolu Agency ជាសារព័ត៌មានរដ្ឋរបស់តួកគី ចុះផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧នេះ។

លោក Ali Yazici អតីតប្រធានជំនួយការរបស់លោកប្រធានាធិបតី ត្រូវបានផ្តន្ទាទោស ឲ្យជាប់ពន្ធធនាគារចំនួន១៨ឆ្នាំ ខណៈអតីតវរសេនីយ៍​ឯកមួយរូប ត្រូវបានរួចផុតពីទោស នៅក្នុងការកាត់ក្តីមួយទៅលើជនសង្ស័យសរុបចំនួន៤៧នាក់ ដោយតុលាការនៅខេត្ត Mugla ភាគខាងត្បូងឆៀងខាងលិច ប្រទេសតួកគី។

ក្រុមចុងចោទ ដែលរងការចោទប្រកាន់ថា​ បានបង្កើតជាក្រុមវាយប្រហារ ដើម្បីសម្លាប់លោកប្រធានាធិបតីនោះ ក៏ត្រូវបានរងការចោទប្រកាន់ ពីបទព្យាយាមលុបបំបាត់រដ្ឋធម្មនុញ្ញ និងរងការចោទប្រកាន់ថា ពួកគេគឺជាសមាជិករបស់ក្រុមភេរវករប្រដាប់ដោយអាវុធ។

សូមជំរាបថា នៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ លោកប្រធានាធិបតី Erdogan បានស្ថិតនៅក្នុងការឈប់សម្រាកមួយ ជាមួយនឹងក្រុមគ្រួសារ នៅតំបន់រមណីយដ្ឋានដ៏ល្បីល្បាញមួយ នៅតំបន់ Marmaris នៅពេលដែលក្រុមមនុស្សមួយចំនួន នៅក្នុងវិស័យយោធា បានបើកការប៉ន់ប៉ង់ធ្វើរដ្ឋប្រហារ។

លោកប្រធានាធិបតី និងក្រុមគ្រួសាររបស់លោក បានចាកចេញតាមឧទ្ធមាគចក្រមួយគ្រឿង១៥នាទីមុនពេលសណ្ឋាគារ ដែលលោកស្នាក់នៅ បានរងការឡោមព័ទ្ធ, ប៉ុន្តែមានមន្ត្រីប៉ូលិសចំនួន២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ៕