(អ៊ីស្រាអែល)៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Avigdor Lieberman បានជំរុញឱ្យសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួនគឺទីក្រុងវ៉ាស៊ីនតោន បង្កើនឥទ្ធិពលនិងធ្វើសកម្មភាពកាន់តែ ច្រើននៅក្នុងប្រទេសស៊ីរី ខណៈកងកម្លាំងយោធាស៊ីរីនៃរដ្ឋាភិបាលលោក ​បាស្សា អាល់អាសាដ កំពុងដើរឆ្ពោះទៅរកជ័យជម្នះ។ ទន្ទឹមគ្នានោះ រដ្ឋមន្ត្រីការពារជាតិរូបនេះ ក៏បានត្អូញត្អែរដែរថា អ៊ីស្រាអែល កំពុងប្រឈមមុខយ៉ាងលំបាកជាមួយរុស្ស៊ី អ៊ីរ៉ង់ និងក្រុមឧទ្ទាមហេសប៊ូលឡា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អ៊ីស្រាអែល Walla news កាលពីថ្ងៃអង្គារ លោក Lieberman បានគូសបញ្ជាក់ដូច្នេះថា៖«យើងសង្ឃឹមថាសហរដ្ឋអាមេរិក នឹងធ្វើសកម្មភាពកាន់ តែច្រើននៅក្នុងប្រទេសស៊ីរី និងមជ្ឈិមបូព៌ា...ត្បិតនៅឯតំបន់ភាគខាងជើង យើងកំពុងប្រឈមមុខយ៉ាងលំបាកជាមួយរុស្ស៊ី អ៊ីរ៉ង់ និងក្រុមឧទ្ទាមហេសប៊ូលឡា ២៤ម៉ោងក្នុងមួយថ្ងៃ និង០៧ថ្ងៃក្នុងមួយសប្ដាហ៍»។

គួរបញ្ជាក់ថា ជ័យជម្នះនៃកងកម្លាំងប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាស្សាដ នៅក្នុងសង្រ្គាមស៊ីរី គឺជាសុបិន្តអាក្រក់មួយរបស់អ៊ីស្រាអែល ពីព្រោះរដ្ឋជី្វបមួយនេះខ្លាចក្រែងអ៊ីរ៉ង់និងក្រុមឧទ្ទាមហេស ប៊ូលឡាដែលជាសត្រូវស៊ូពូជរបស់ខ្លួនអាចនឹងឈ្លៀតឱកាសនេះពង្រីកឥទ្ធិពលកាន់តែធំ ក៏ដូចជាដឹកនាំសកម្មភាពប្រឆាំងផលប្រយោជន៍អ៊ីស្រាអែល នៅក្នុងតំបន់៕