(អ៊ីស្រាអែល)៖ សព្វាវុធក្នុង​ចំនួនយ៉ាងច្រើន​គួរសម រួមមានទាំងគ្រឿង​ផ្ទុះផងដែរនោះ ត្រូវគេដឹងថា បានបាត់ចេញពីឃ្លាំងស្តុកអាវុធ​មួយ​កន្លែង ក្នុងបន្ទាយកងទ័ព​អ៊ីស្រាអែល នៅភាគខាងជើងប្រទេស។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅ​ល្ងាច​ថ្ងៃ​ពុធ ទី០៤ ខែតុលា ឆ្នាំ២០១៧។​

ពលទាហាន​ប្រចាំមូលដ្ឋានយោធា​ខាងលើ បានដឹងពីការបាត់​សព្វាវុធ​ទាំងអស់នេះ ចេញពីឃ្លាំងស្តុក​អាវុធ​របស់ពួកគេ នៅអំឡុង​ការចុះ​ត្រួតពិនិត្យឃ្លាំង​ជាប្រចាំ ហើយភ្លាមៗពួកគេ ក៏បានរាយការណ៍​រឿងហេតុនេះ ទៅកាន់ថ្នាក់លើ។ បន្ទាប់មក​កម្លាំងស៊ើបអង្កេត​​របស់យោធា ក៏បានទៅដល់កន្លែង​កើតហេតុជាបន្ទាន់ផងដែរ។

បើតាមក្រុមអ្នកស៊ើបអង្កេត នៅក្នុងចំណោម​សព្វាវុធទាំងនោះ រួមមានគ្រាប់កាំភ្លើងទំហំ ៥.៥១មីលីម៉ែត្រ និង ៤០មីលីម៉ែត្រ, គ្រាប់បែក​បង្កៃ​ M16, និងគ្រាប់មីនប្រឆាំង​រថក្រោះជាដើម ដែលគ្រឿង​ទាំងអស់នេះ ទំនងជាបានធ្លាក់​ទៅដល់ដៃក្រុម​ឧក្រិដ្ឋជន​ក្នុងប្រទេស ឬមួយក៏​ពួកភេរវករ​បាត់ទៅហើយ។

គួរបញ្ជាក់ថា បើតាមការប៉ាន់ស្មាន​របស់អាជ្ញាធរអ៊ីស្រាអែល ហេតុការណ៍ចូលលួចសព្វាវុធនេះ ប្រហែលជាបានកើត​ឡើងកាលពី​អំឡុងថ្ងៃបុណ្យឈប់សម្រាក Rosh Hashana ឬក៏ Yom Kippur ដែលបានប្រព្រឹត្ត​ទៅតៗគ្នា ចាប់ពីថ្ងៃទី២១ ខែកញ្ញាមក៕