(ប៉េកាំង)៖ បណ្តាញប្រព័ន្ធ​ផ្សព្វផ្សាយចិន បានចាក់បញ្ចាំង​នាទីឯកសារមួយ ស្តីពី​សមិទ្ធផលនានា ដែលសបញ្ជាក់ពី​​កិច្ច​ប្រឹង​ប្រែង​ នៃការ​ធ្វើ​កំណែ​ទម្រង់​​វិស័យយោ​ធា​ក្នុងអំឡុងពេល ០៥ឆ្នាំ ចុងក្រោយនេះ ដើម្បីជំរុញ​កម្លាំងចិត្ត​កាន់តែខ្លាំង​ថែមទៀត នៅ​ក្នុង​គោល​ដៅ​​របស់​​​មហា​អំណាច​​នៅអាស៊ី​មួយនេះ សំដៅ​កសាងកងទ័ព​ដ៏មានឥទ្ធិពល​បំផុត​មួយលើលោក។ នេះបើតាម​ការចេញផ្សាយ​ដោយ​ ទីភ្នាក់​ងារ​ព័ត៌​មាន​​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០១៧។

នាទីឯកសារ​ដែលមាន ០៨វគ្គ ហើយត្រូវបាន​បញ្ចាំងចាប់តាំងពី​ថ្ងៃទី២៩ ខែកញ្ញាមក ខាងលើនេះ បានគូសបញ្ជាក់​ពីសមិទ្ធផលធំៗ​ ដែលកងទ័ពចិន​បានបម្រើជាផលប្រយោជន៍​ដល់ជាតិ គិតចាប់តាំងតែ​ពីមហាសន្និបាត​ជាតិ លើកទី១៨ នៃគណបក្ស​កុម្មុយនិស្តចិន កាលពីឆ្នាំ២០១២។ កម្រងឯកសារ​ឈ្មោះ «Qiang Jun» ដែលមាន​ន័យថា «ការស្ថាបនា​កងទ័ពដែលអង់​អាចអស្ចារ្យមួយ» នោះ ត្រូវ​បាន​ផលិត​​ឡើងដោយ​​​​​នាយកដ្ឋានកិច្ចការ​នយោបាយ នៃគណៈកម្មការ​យោធាមជ្ឈិមចិន និងកំពុងត្រូវបន្ត​ចាក់បញ្ចាំង នៅ​លើ​ទាំង​ប៉ុស្តិ៍​​ទូរទស្សន៍​​រដ្ឋចិន CCTV រួមទាំងស្ថានីយ៍​ទូរទស្សន៍ក្នុងស្រុក​ដទៃៗទៀត។

គួរបញ្ជាក់ថា បើតាមការ​ស្ទាបស្ទង់មតិ ប្រជាពលរដ្ឋ​ចិន​ជាច្រើននាក់ បានបង្ហាញពី​មោទនភាព​របស់ពួកគេ​រៀងៗខ្លួន បន្ទាប់ពីបាន​​ទស្សនាវគ្គខ្លះៗ​ នៃនាទី​ឯកសារនេះ ដោយពួកគេ​បានទទួលស្គាល់ថា ប្រទេសចិន​ពិតបានឆ្លងកាត់​ការផ្លាស់ប្តូរប្រកប​ដោយ​ភាពវិជ្ជ​មាន យ៉ាងប្រសើរ ក្នុងអំឡុងពេល​នៃការធ្វើកំណែ​ទម្រង់ រយៈពេល ០៥ឆ្នាំ កន្លងទៅនេះ៕