(អាមេរិក)៖ ប្រជាជនប្រមាណ ១០០នាក់ ត្រូវបានជម្លៀស​ចេញពីលំនៅឋាន​របស់ពួកគេ ក្នុងទីក្រុង​ឡនឌែល (Lawndale) នៃរដ្ឋ​កាលី​ហ្វរញ៉ា សហរដ្ឋអាមេរិក បន្ទាប់ពីអាជ្ញាធរ​បានប្រទះឃើញ​អាវុធជាតិ​ផ្ទុះមួយចំនួន នៅក្នុងទីធ្លាក្រោយផ្ទះ ដែលត្រូវគេបោះបង់ចោល​មួយខ្នង។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៧។

សមត្ថកិច្ចប្រចាំ​តំបន់ដំបូងឡើយ ទទួលបានការហៅ​ទូរស័ព្ទពីសំណាក់​ពលរដ្ឋម្នាក់ ដែលរស់នៅទីនោះ ដែលបាន​រាយ​ការណ៍​​ពី​​រថយន្ត​​គួរឲ្យ​​សង្ស័យមួយគ្រឿង ចតនៅមុខផ្ទះ​របស់ពួកគេ ហើយក្រោយ​មកគ្រឿងផ្ទុះទាំងប៉ុន្មាន​ខាងលើ ក៏ត្រូវបានប្រទះ​ឃើញ បន្ទាប់ពីកម្លាំងប៉ូលិស​ បានធ្វើការត្រួតពិនិត្យ​ជុំវិញទីតាំងនោះ។

បើតាមក្រុមមន្រ្តី​ស៊ើបអង្កេត គ្រាប់បែកដៃ, គ្រាប់កាំភ្លើងធំ, គ្រាប់កាំភ្លើងត្បាល់, និងគ្រាប់កាំភ្លើង​សរុបប្រមាណ ៣០គ្រាប់ ត្រូវបាន​រកឃើញ​ហើយដោយ​ព្រួយបារម្ភថា អាវុធទាំងនេះ អាចនឹងនៅផ្ទុះ​បាននោះ អាជ្ញាធរបាន​សម្រេចបង្គាប់​ឲ្យមនុស្សប្រហែល ១០០នាក់ ចាកចេញពីផ្ទះ​របស់ពួកគេ​ភ្លាមៗ​ផងដែរ។ បន្ថែមពីនេះ បន្ទាប់ពីក្រុម​ជំនាញដោះគ្រាប់ បានចំណាយពេល ១៤ម៉ោង ធ្វើការវិភាគ​​ទៅ​លើវត្ថុ​ទាំងនេះ អាជ្ញាធរបាន​សន្និដ្ឋានថា គ្រាប់ភាគ​ច្រើនគឺមិនអាចផ្ទុះ​ទៀតឡើយ ក៏ប៉ុន្តែអ្នករស់​នៅជុំវិញនោះ នៅតែត្រូវបាន​បន្ត​ជម្លៀសខ្លួន​ដដែល ដើម្បីសុវត្ថិភាព។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរ​អាមេរិក លំនៅឋាន​ដែលគេរកឃើញ​គ្រឿងផ្ទុះ​ខាងលើ បានក្លាយជា​ទីជ្រកកោណ​របស់​ជនគ្មានផ្ទះ​សម្បែង​ស្នាក់​នៅ បន្ទាប់​ពី​​​ម្ចាស់ផ្ទះនេះ ដែលជាអតីត​យុទ្ធជន​កាលពីសម័យសង្រ្គាម​លោកលើកទី ០២នោះ បានទទួល​មរណភាព​កាលពី​ប៉ុន្មាន​ខែ​មុន៕

http://www.trbimg.com/img-59cee6a2/turbine/la-me-ln-lawndale-explosives-20170929