(ម៉ាឌ្រីត)៖ បើទោះជាមានការព្រមាន​ពីទីក្រុងម៉ាឌ្រីត​ក៏ដោយ ក៏រដ្ឋាភិបាលតំបន់កាតាឡាន (Catalonia) នៅតែប្រកាន់​ជំហរថា នឹងប្រកាសឯករាជ្យ​ផ្ដាច់ខ្លួនពីប្រទេស​អេស្ប៉ាញ នៅប៉ុន្មាន​ថ្ងៃមុខនេះ។ ប៉ុន្តែព្រមពេល​ជាមួយគ្នា ព្រះមហាក្សត្រ​អេស្ប៉ាញ ទ្រង់ ហ្វេលីព ទី០៦ (Felipe VI) មានបន្ទូលថា ឯករាជ្យនេះ​កំពុងនាំប្រជាជន​កាតាឡាន​ចេញពីច្បាប់ ក៏ដូចជាបង្កផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ច​នៅក្នុងតំបន់ និងប្រទេស​អេស្ប៉ាញ​ទាំងមូល។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០១៧។

កាលពីថ្ងៃ​ប៉ុន្មានថ្ងៃមុន រដ្ឋមន្រ្តីយុត្តិធម៌​​អេស៉្បាញ​បានបញ្ជាក់​ឡើងវិញថា ទីក្រុងម៉ាឌ្រីត នឹងធ្វើអ្វីៗ​គ្រប់បែប​យ៉ាង នៅក្រោមប្រព័ន្ធច្បាប់ដែល​មានស្រាប់ ដើម្បីរារាំង​​ការប្រកាស​ឯករាជ្យនៃ តំបន់​​កាតាឡាន (Catalonia) ព្រមទាំង​ព្រមានថា ការរឹង​ទទឹងចង់​ទាមទារ​​ឯករាជ្យ​ភាព​នេះ គឺជាការរំលោភ​បំពានលើ​មាត្រា ​១៥៥ នៃរដ្ឋ​ធម្មនុញ្ញជាតិ ដែលអាចនឹងបង្ខំ​​ឲ្យ​រដ្ឋាភិបាល​​ចូលធ្វើ អន្តរាគមន៍​​​គ្រប់គ្រង​តំបន់ស្វយ័ត​កាតាឡាន។

«ប្រសិនបើនរណាម្នាក់គ្រោង ប្រកាស​ឯករាជ្យ​​នៅលើទឹកដីណាមួយក្នុង​ប្រទេស​​អេស៉្បាញ ខណៈដែលពួកគេ​​មិនអាចធ្វើ​ទៅបាន ​ព្រោះតែគ្មាន​សិទ្ធិអំណាចគ្រប់គ្រាន់​ដើម្បីធ្វើដូច្នោះ... ហើយ​រដ្ឋាភិបាល​នឹង​​ធ្វើ​​អ្វីៗ​គ្រប់បែបយ៉ាង​ស្របទៅតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់​រឿងនេះ»។ នេះគឺជា​ការព្រមាន​របស់រដ្ឋមន្រ្តីយុត្តិធម៌​អេស៉្បាញ លោក រ៉ាហ្វាអែល កាតាឡា (Rafael Catala)។

តែយ៉ាងណា ជុំវិញការព្រមាន​នេះដែរ មេដឹកនាំ​កាតាឡាន លោក Carles Puigdemont បានបញ្ជាក់​ក្នុងបទសម្ភាសន៍​ជាមួយ BBC ថា លោកនៅតែប្រកាន់​គោលជំហរ​ នឹងប្រកាសឯករាជ្យនៅក្នុង​សប្ដាហ៍នេះ ឬក៏អាចនៅដើម​សប្ដាហ៍ក្រោយ ហើយថាការលូកដៃចូល​ក្នុងកិច្ចការផ្ទៃ​ក្នុងកាតាឡានពីសំណាក់​រដ្ឋាភិបាលអេស្ប៉ាញ នឹងក្លាយជា​កំហុសមួយ​ដែលនឹងផ្លាស់ប្ដូរអ្វីៗ​គ្រប់យ៉ាង។ មិនតែប៉ុណ្ណោះ លោកក៏បានសម្ដែងការ​មិនពេញ​ចិត្តផងដែរ ចំពោះ​សេចក្ដីថ្លែងការណ៍​របស់គណៈកម្មាអឺរ៉ុប កាលពីថ្ងៃចន្ទ​ដែលថា ព្រឹត្តិការណ៍​កើតឡើងក្នុងតំបន់​កាតាឡាន គឺជាកិច្ចការ​ផ្ទៃក្នុង​របស់​អេស្ប៉ាញ ខណៈរុស្ស៊ីថា ជាបញ្ហាផ្ទៃក្នុង​របស់តំបន់​កាតាឡាន។

គួរបញ្ជាក់ថា លោក ខាឡែស ភីកម៉ុនក៍ (Carles Puigdemont) ធ្លាប់បាន​ប្រកាសថា ប្រជាជន​នៃតំបន់ Catalan បានឈ្នះសិទ្ធិ​​ដើម្បី​បំបែក​ខ្លួន​ចេញពី​ប្រទេស​អេស៉្បាញ បន្ទាប់ពី​អ្នកចូល​រួមបោះឆ្នោត​ប្រមាណ ៩០ភាគរយ ក្នុងការធ្វើ​ប្រជាមតិ​ ដើម្បីទាមទារ​ឯករាជ្យ​បាន​បោះឆ្នោត​យល់ស្រប​ចង់ធ្វើបែបនេះ ទោះបីជាមាន​ការបង្រ្កាបយ៉ាង​​សាហាវ​ព្រៃផ្សៃ ពីកម្លាំង​ប៉ូលិសដែល​បានបង្ក​ឲ្យ​មនុស្ស​ ៨៤៤នាក់ និងប៉ូលិស​អេស្ប៉ាញ ៣៣នាក់ រងរបួស​យ៉ាងណាក្តី៕