(អឺរ៉ុប)៖ មកទល់នឹងពេលនេះ ប្រទេសមួយចំនួនហើយ បានចេញមុខសម្តែងការគាំទ្រ ចំពោះជំហរ​នៃរដ្ឋាភិបាលអេស្ប៉ាញ (ទីក្រុងម៉ាឌ្រីត) ក្នុងការប្រឆាំងការបោះឆ្នោត ទាមទារការប្រកាសឯករាជ្យរបស់​តំបន់ កាតាឡាន (ទីក្រុងបាសេឡូណា) ហើយក្នុងនោះក៏មានប្រទេសរុស្ស៊ីផងដែរ ប៉ុន្តែងាកមកបណ្តា​ប្រទេសអឺរ៉ុប​​វិញ គឺមិនគាំទ្រនោះទេ​ចំពោះការប្រើអំពើហិង្សា ដើម្បីបង្ក្រាបក្រុមអ្នកតវ៉ា​គាំទ្រឯករាជ្យ កាតាឡាន ដែលបានបង្ក​ឲ្យមនុស្សរងរបួស រហូតដល់ទៅ ៨៤៤នាក់ កាលពីចុងសប្តាហ៍​មុននេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០១៧។

ខណៈសហភាពអឺរ៉ុប​ចេញមុខរិះគន់​អាជ្ញាធរអេស្ប៉ាញ ចំពោះការបង្រ្កាប​ដោយហិង្សា​លើ​ក្រុមអ្នកបោះឆ្នោត​ប្រជាមតិប្រកាសឯករាជ្យ របស់តំបន់​កាតាឡាន ( Catalonia) ទីក្រុងម៉ូស្គូ ឯណោះវិញបែរជា​ចេញមុខគាំទ្រ​ទីក្រុងម៉ាឌ្រីត ដោយអះអាងថា រដ្ឋាភិបាល​កាតាឡាន គួរតែអនុវត្តតាម​ច្បាប់របស់​អេស្ប៉ាញ។ រីឯស្ថានទូត​អេស្ប៉ាញប្រចាំ​ទីក្រុងម៉ូស្គូ ក៏បានសម្ដែង​ការពេញ​ចិត្តពេញថ្លើម និងអរគុណនឹង​គោលជំហរ​នេះដែរ។

ថ្លែងនៅលើ Twitter​ ស្ថានទូតអេស្ប៉ាញ​បានគូសបញ្ជាក់យ៉ាង​ដូច្នេះថា «យើងសូមអរគុណ​ដល់ក្រសួងការ​បរទេសរុស្ស៊ី សម្រាប់គោល​ជំហរវិជ្ជមាន​ ស្ដីពីការបោះឆ្នោតប្រជាមតិដោយ​ខុសច្បាប់ នៅតំបន់​កាតាឡាន... ហើយយើងនឹង​នៅតែបន្តជូនដំណឹង​ដល់រដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី​ទាក់ទិននឹងគោល​ជំហរ របស់ទីក្រុង​ម៉ាឌ្រីត»។ ប្រតិកម្មបែបនេះ​របស់ស្ថានទូត​អេស្ប៉ាញ ធ្វើឡើងបន្ទាប់ពី​មានសេចក្ដីថ្លែងការណ៍ ​របស់អ្នកនាំពាក្យ​ក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova)។ «យើងចាត់ទុកថា ស្ថានភាព​បច្ចុប្បន្ន​នៅក្នុងតំបន់ Catalonia គឺជាកិច្ចការ ផ្ទៃក្នុងរបស់​អេស្ប៉ាញ... ដូច្នេះយើង​សូមវាយតម្លៃថា ព្រឹត្តិការណ៍​ដែលបានកើតឡើង​នៅកាតាឡាន ត្រូវតែវិវឌ្ឍរ៍អនុឡោមតាមច្បាប់​អេស្ប៉ាញ​ជាធរមាន»។ នេះបើតាម​សម្ដី លោកស្រី Maria Zakharova។

គួរបញ្ជាក់ថា មេដឹកនាំ​​កាតាឡាន លោក ខាឡែស ភីកម៉ុនក៍ (Carles Puigdemont) បានប្រកាសថា ប្រជាជននៃតំបន់​​កាតាឡាន បានឈ្នះសិទ្ធិ​​ដើម្បី​បំបែក​​ខ្លួនចេញពីប្រទេស​អេស៉្បាញ ហើយ បន្ទាប់ពីអ្នក​ចូល​រួមបោះ​ឆ្នោតប្រមាណ ៩០ភាគរយ ក្នុងការ​ធ្វើប្រជាមតិ​ដើម្បីទាមទារ​​ឯករាជ្យ បានបោះឆ្នោត​​យល់ស្រប​ច​ង់ធ្វើបែបនេះ ទោះបីជាមាន​ការបង្រ្កាបយ៉ាង​​សាហាវព្រៃផ្សៃ ពីកម្លាំងប៉ូលិស​ដែលបានបង្ក​​ឲ្យ​មនុស្ស​ ៨៤៤នាក់រងរបួស និងមានការ​ជំទាស់ពីទីក្រុង​ម៉ាឌ្រីត យ៉ាងណាក្តី៕