(ស៊ីដនី)៖ ការិយាល័យស្ថិតិ​អូស្ត្រាលីនៅថ្ងៃអង្គារនេះ​បានឱ្យដឹងថា ប្រជាជនអូស្ត្រាលី ៩.២លាននាក់ ឬស្មើនឹង ៥៧.៥ភាគរយ នៃអ្នកមានសិទ្ធិបោះឆ្នោត​បានចូលរួមបោះឆ្នោត ដើម្បីសម្រេចថា តើអ្នក​ស្រឡាញ់ភេទ​ដូចគ្នា គួរតែអាចរៀបការ​ជាមួយគ្នាដោយ​ស្របច្បាប់ដែរ ឬទេ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០១៧។

យោងតាមការិយាល័យ​នេះដដែល ប្រជាជន​អូស្ត្រាលី​បានចាប់ផ្ដើម​បោះឆ្នោត នៅក្នុងការ​ស្ទង់មតិមួយ​តាមការស្ម័គ្រចិត្ត តាំងតែពីខែមុនមកម្ល៉េះ។ ការស្ទង់មតិ នេះទៀតសោត គឺជាផ្នែកមួយ នៃការជូន​ដំណឹងដល់​រដ្ឋាភិបាលទីក្រុង​កង់បេរ៉ា​ថា តើអ្នកបោះឆ្នោត​ចង់ឱ្យអូស្ត្រាលី​ ក្លាយជាប្រជាជាតិ​ទី២៥ ដែលអនុញ្ញាតឱ្យមាន​អាពាហ៍ពិពាហ៌ រវាងអ្នកស្រឡាញ់ភេទដូចគ្នា​ដែរ ឬក៏យ៉ាងណា ខណៈ លទ្ធផលនឹង​ត្រូវប្រកាស នៅថ្ងៃទី២៥ ខែវិច្ឆិកា ខាងមុខ។

គួរបញ្ជាក់ថា បើតាមការ​ស្ទង់មតិមួយរបស់ Sky News ReachTel ប្រជាជនអូស្ដ្រាលី​អាចនឹងបោះ​ឆ្នោតថា «Yes» គាំទ្រឱ្យអ្នក​ស្រឡាញ់ភេទដូចគ្នា​ អាចរៀបការជាមួយគ្នា​ដោយស្របច្បាប់ ពោលគឺការ​ស្ទង់មតិនេះ​បង្ហាញថា ច្រើនជាង ៦៤ភាគរយ នៃអ្នកត្រូវបាន​សាកសួរ​បាននិយាយថា ពួកគេយល់ព្រម​ឱ្យមានអាពាហ៍ពិពាហ៍​អ្នកស្រឡាញ់ភេទ​ដូចគ្នា ខណៈគេ​រំពឹងថា អ្នក បោះឆ្នោត ៦ភាគរយ បន្ថែមទៀតអាចនឹងគាំទ្រគំនិត​នេះដែរ៕​