(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានទទួលជួប​នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា ស្របពេល​ដែល​​​មហាអំណាច​ពិភពលោកមួយនេះ ទើបតែកើតមាន​ករណីបាញ់​ប្រហា​រ​​ដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្រ្ត​ស្លាប់មនុស្សជិត ៦០នាក់ និង​របួស ៥២៧នាក់ នៅទីក្រុង ឡាស វេហ្គាស់ (Las Vegas) រដ្ឋណេវ៉ាដា (Nevada) ភាគខាងលិចសហរដ្ឋអាមេរិក។ នេះបើតាម​ការ​ដកស្រង់​ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹក​ថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០១៧។

លោក ប្រាយុទ្ធ និងលោកស្រី ណារ៉ាផន ចាន់អូចា ជាភរិយា ត្រូវបានទទួលស្វាគមន៍​នៅឯសេតវិមាន ដោយលោក ដូណាល់ ត្រាំ រួមទាំង​​ជំទាវទីមួយលើពិភពលោក គឺលោកស្រី មេឡានា ត្រាំ ខណៈប្រមុខដឹកនាំ​រដ្ឋាភិបាលយោធាថៃ​រូបនេះ បានធ្វើដំណើរ​មកដល់​ទីក្រុងវ៉ាស៊ីន​តោន ដើម្បី​បំពេញ​ទស្សនកិច្ច​ ក៏ដូចជាពិភាក្សាការងារ តបទៅតាមការអញ្ជើញ​របស់លោក ត្រាំ។

ជំនួបនេះទៀតសោត គឺជាសញ្ញា​​មួយ​ស្តែង​ពី​​ភាព​ប្រសើរឡើងវិញ នៃចំណងទាក់ទង រវាង​សហរដ្ឋអាមេរិក និងថៃ ចាប់តាំងតែពី​ទំនាក់ទំនងនេះ​បានជួបភាពល្អក់កករ នៅពេល​យោ​ធា​ថៃ កាលពីឆ្នាំ២០១៤ បានធ្វើរដ្ឋប្រហារ​ដណ្តើមអំណាច ពីអតីតនាយករដ្ឋ​មន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលសព្វ​ថ្ងៃ​​កំពុង​ស្ថិតនៅក្រៅប្រទេស​ ទើបត្រូវបាន​តុលា​ការ​​​កំពូល​ថៃ សម្រេចកាត់ទោស​​ដោយកំបាំងមុខ​ដាក់ពន្ធនាគារយៈពេល ០៥ឆ្នាំ ពីបទក្លែងបន្លំកម្មវិធីទិញស្រូវ។

គួរបញ្ជាក់ថា ជំនួបរវាងមេដឹកនាំប្រទេស​ជាសម្ព័ន្ធមិត្ត ដ៏ចំណាស់នឹងគ្នាទាំងពីរនេះ បានកើតមានឡើង ខណៈសហរដ្ឋអាមេរិក ទើបតែទទួលរង​​ករណីបាញ់ប្រហារ​ទៅលើក្រុមមនុស្សម្នាជាង ២ពាន់នាក់ យ៉ាងសាហាវបំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើប ក្នុងអំឡុងនៃព្រឹត្តិការណ៍​ប្រគុំតន្រ្តីដ៏​ធំមួយ នៅទីក្រុង Las Vegas នៃរដ្ឋ Nevada ភាគខាងលិចប្រទេស ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងតិច ៥៩នាក់ និងធ្វើឲ្យរបួស ៥២៧នាក់ គិតត្រឹមព្រឹកថ្ងៃ​អង្គារនេះ៕