(ម៉ាឌ្រីត)៖ រដ្ឋមន្រ្តីយុត្តិធម៌​អេស៉្បាញ បានបញ្ជាក់ម្តងទៀតថា ទីក្រុងម៉ាឌ្រីត នឹងធ្វើអ្វីៗគ្រប់បែបយ៉ាង នៅក្រោមប្រព័ន្ធច្បាប់ដែលមានស្រាប់ ដើម្បីរារាំង​​ការប្រកាស​ឯករាជ្យនៃតំបន់​កាតាឡាន (Catalonia) និងព្រមានថា ការនៅតែរឹង​ទទឹងចង់ទាមទារ​​ឯករាជ្យភាព​ទៀតនោះ នឹង​នាំ​ឲ្យមាត្រា​១៥៥ នៃរដ្ឋធម្មនុញ្ញជាតិ​ត្រូវរំលោភ​បំពាន ហើយវានឹងបង្ខំ​ឲ្យ​រដ្ឋាភិបាល​ ចូលធ្វើអន្តរាគមន៍​​តំបន់ស្វយ័ត កាតាឡាន តែម្តង​ព្រោះគ្មាន​​នរណា​ម្នាក់​អាចប្រកាស​​ឯករាជ្យ នៅក្នុងដែនអធិបតេយ្យភាព​​របស់អេស្ប៉ាញ​បានឡើយ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​​សារព័ត៌មាន The Local នៅព្រឹក​ថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០១៧។

លោក រ៉ាហ្វាអែល កាតាឡា (Rafael Catala) រដ្ឋមន្ត្រីយុត្តិធម៌អេស្ប៉ាញ បានថ្លែងច្បាស់ៗយ៉ាង​ដូច្នេះ​ថា «ប្រសិនបើនរណាម្នាក់ គ្រោងប្រកាស​ឯករាជ្យ​នៅលើទឹកដីណាមួយ ក្នុងប្រទេស​អេស៉្បាញ ខណៈដែលពួកគេ​មិនអាចធ្វើទៅបាន ព្រោះតែគ្មានសិទ្ធិ​អំណាចគ្រប់គ្រាន់ ដើម្បីធ្វើដូច្នោះនោះ រដ្ឋាភិបាលនឹងត្រូវតែ​​ធ្វើ​​អ្វីៗ​គ្រប់បែបយ៉ាង ស្របទៅតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់រឿងនេះ។ លោក Catala បានសង្កត់ធ្ងន់ថា «យ៉ាងណាមិញ បើនៅ​តែ​មាន​ការ​ចចេស​​រឹងរូសទៀតនោះ យើង​នឹងប្រើប្រាស់​ចំណាត់ការក្តៅ ធ្វើអន្តរាគមន៍​សង្រ្គប់លើតំបន់ស្វយ័ត​នេះតែម្តង ដោយ​អនុ​ឡោម​​តាម​មាត្រានៃរដ្ឋ​ធម្មនុញ្ញ​អេស៉្បាញ»

គួរបញ្ជាក់ថា មេដឹកនាំ​កាតាឡាន លោក ខាឡែស ភីកម៉ុនក៍ (Carles Puigdemont) បានប្រកាសថា ប្រជាជននៃតំបន់ Catalan បានឈ្នះសិទ្ធិ​ដើម្បី​បំបែក​ខ្លួន ចេញពីប្រទេសអេស៉្បាញហើយ បន្ទាប់ពីអ្នកចូល​រួមបោះឆ្នោតប្រមាណ ៩០ភាគរយ ក្នុងការធ្វើប្រជាមតិ ដើម្បីទាមទារ​ឯករាជ្យ បានបោះឆ្នោត​យល់ស្របចង់ធ្វើបែបនេះ ទោះបីជាមានការបង្រ្កាបយ៉ាង​សាហាវព្រៃផ្សៃ ពីកម្លាំងប៉ូលិស ដែលបានបង្ក​ឲ្យ​មនុស្ស​ ៨៤៤នាក់ រងរបួសយ៉ាងណាក្តី៕

https://cdn.rt.com/files/2017.10/thumbnail/59d0d1c0fc7e9393388b4567.JPG