(សេអ៊ូល)៖ កូរ៉េខាងជើងបាន​បើកការភ្ជាប់អ៊ីនធើណែតទី០២ ជាមួយពិភព​ខាងក្រៅហើយ តាមរយៈប្រទេសរុស្ស៊ី ដែលនេះគឺជា​ចលនាមួយ ត្រូវ​បានអ្នកជំនាញ​ផ្នែកសន្ដិសុខ​ព័ត៌មានវិទ្យា​យល់ថា វាអាច​នឹងផ្ដល់លទ្ធភាព​កាន់តែធំ​ដល់ទីក្រុង​ព្យុងយ៉ាង ក្នុងការដឹកនាំ​ការវាយប្រហារ​ព័ត៌មានវិទ្យា (Hack)​។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០១៧។

យោងតាមក្រុមអ្នក​ជំនាញមកពី Dyn Research ជាក្រុមអ្នកឃ្លាំ​មើលចរាចរណ៍​អ៊ីនធើណែតអន្តរជាតិ ក្រុមហ៊ុន​ទូរគមនាគមន៍​រុស្ស៊ី TransTeleCom បានចាប់ផ្ដើមដំណើរការប្រព័ន្ធអ៊ីនធើណែត នៅក្នុងប្រទេស​កូរ៉េខាងជើងកាល​ពីថ្ងៃអាទិត្យ។ ការផ្គត់ផ្គង់របស់​ទីក្រុងព្យុងយ៉ាង​កន្លងមក គឺធ្វើឡើងជាមួយ​ក្រុមហ៊ុន China Unicom ក្រោមកិច្ចព្រមព្រៀង​កាលពី​ឆ្នាំ២០១០។ ក៏ប៉ុន្តែ បច្ចុប្បន្ន Dyn សង្កេតឃើញ​ថា ក្រុម TransTeleCom គ្រប់គ្រង ៦០ភាគរយ នៃចរាចរណ៍អ៊ីនធើណែតរបស់​កូរ៉េខាងជើង ខណៈក្រុមហ៊ុន China Unicom មានតែ ៤០ភាគរយ ប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្ដី ក្រុមហ៊ុនរុស្ស៊ីមួយនេះ បានបដិសេធមិន​ធ្វើអត្ថាធិប្បាយអ្វីឡើយថា តើខ្លួនបានចុះ​កិច្ចព្រមព្រៀង​ថ្មី​ជាមួយកូរ៉េខាងជើង ឬក៏យ៉ាងណា​នោះ។

គួរបញ្ជាក់ថា កូរ៉េខាងជើង​ធ្លាប់ទទួលរងការរិះគន់​យ៉ាងខ្លាំង​ ពី​បណ្ដារដ្ឋាភិបាល​លោកខាងលិច ពាក់ព័ន្ធនឹងការ​សង្ស័យថា បានដឹកនាំ​ការវាយប្រហារ​ព័ត៌មាន​វិទ្យា នារយៈពេល​ប៉ុន្មានឆ្នាំ ចុងក្រោយ​នេះ​ក្នុងនោះរួមមាន​ទាំងការ Hack ប្រឆាំងនឹង​ធនាគារ​ជាច្រើន, ក្រុមហ៊ុន Sony Pictures ក៏ដូចជាការ​បង្កើតវីរុស​ឈ្មោះ WannaCry បើទោះជាទីក្រុង​ព្យុងយ៉ាង​បានបដិសេធ​ក៏ដោយ៕