(វ៉ាស៊ីនតោន)៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បានបញ្ជាក់ថា លោក ស្ទេហ្វិន ផេកដក់ (Stephen Paddock) ជាខ្មាន់កាំភ្លើង ដែលបានបាញ់រះ​សម្លាប់មនុស្សប្រមាណ ៥៩នាក់ និងបណ្តាលឲ្យរបួស ៥២៧នាក់ នៅក្នុងទីក្រុង ឡាស វេហ្គាស់ (Las Vegas) រដ្ឋ ណេវ៉ាដា (Nevada) នោះ ពុំមានទំនាក់ទំនងអ្វីមួយ ជាមួយនិង​ក្រុម ISIS ឡើយ ទោះបីជាពួកភេរវករនេះ បានចេញមុខអះអាងថាជាទង្វើរបស់ខ្លួនយ៉ាងណាក្តី។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០១៧។

ភ្នាក់ងារពិសេស​របស់ FBI ទទួលបន្ទុកស៊ើបអង្កេត​លើករណីនេះ លោក អារ៉ុន រ៉ៅស៍ (Aaron Rouse) បានថ្លែងថា «ស្របពេល​ដែលហេតុការណ៍​​ដ៏អាក្រក់នេះ ត្រូវបាន​បកអាក្រាត ពួកយើងបាន​​កំណត់ត្រឹម​ខណៈពេលនេះថា វាពុំមានចំណង​ទាក់ទង​អ្វីទាំងអស់​ជាមួយ​នឹងក្រុម​ភេរវករ​​អន្តរជាតិ​ដូចជា ISIS ជាដើម»។ ម៉្យាងវិញទៀត លោក Rouse បាន​បន្ថែមថា ទីភ្នាក់ងារ FBI នឹងបន្តខិតខំ​ធានាឲ្យ​បានថា ករណីនេះត្រូវបានស៊ើប​អង្កេតដោយ​ហ្មត់ចត់​ល្អិតល្អន់ និងច្បាស់លាស់​ជាទីបំផុត។

សេចក្តីប្រកាសបញ្ជាក់ខាងលើ ត្រូវបានធ្វើឡើង​បន្ទាប់ពីក្រុម​ភេរវករ ISIS បានចេញមុខ​អះអាងថា ជាអ្នករៀបចំ​គម្រោងបាញ់​ប្រហារ​​ដ៏សាហាវព្រៃផ្សៃ​បំផុត ប្រចាំប្រវត្តិសាស្រ្ត​អាមេរិកនេះ។ ISIS បានលើកឡើងថា បុរសជាខ្មាន់​កាំភ្លើង គឺជាអ្នកប្រយុទ្ធរបស់ខ្លួន ប៉ុន្តែ​មិន​បានផ្តល់​ភស្តុតាងអ្វីឡើយ។

គួរបញ្ជាក់ថា នាយប់ថ្ងៃអាទិត្យ (ពេលវេលានៅ​ភាគខាង​លិចអាមេរិក) បុគ្គល Paddock បានធ្វើសកម្មភាព​បាញ់ប្រហារ ទៅលើហ្វូង​​មនុស្សយ៉ាងច្រើន​កុះករ​ជាង ២២,០០០នាក់ ដែលកំពុង​ចូលរួមក្នុង​ថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍​ប្រគុំតន្រ្តីកណ្តាល​វាលដ៏ធំមួយ ចេញ​ពី​បន្ទប់ជាន់ទី ៣២ របស់លោក នៃសណ្ឋាគារ-កាស៊ីណូ ម៉ាន់ដាឡាយ បេយ (Mandalay Bay)។ ក្រោយមកជនដៃ​ដល់រូបនេះ ត្រូវប៉ូលិសអាមេរិក​រកឃើញថា បានស្លាប់នៅ​ក្នុងបន្ទប់នោះ រួមជាមួយ និងកាំភ្លើងចំនួន ១០ដើម។

ជាមួយគ្នា​នេះដែរ អាជ្ញាធរមិន​ទាន់អាចស្វែង​រកឃើញ មូលហេតុនៃ​ការបាញ់រះ ទៅលើហ្វូង​មនុស្ស​យ៉ាង​អាក្រក់នេះ​នៅឡើយទេ ក៏​ប៉ុន្តែពួកគេ​ជឿជាក់ថា លោក Paddock បានធ្វើសកម្មភាព​ទាំងអស់​តែម្នាក់ឯងប៉ុណ្ណោះ។ យ៉ាងមិញ ប៉ូលិសតម្រួត​នៃទីក្រុង Las Vegas លោក ចូ ឡាំបាដូ (Joe Lambardo) បានឲ្យដឹងថា ស្រ្តីម្នាក់​ផ្សេងទៀត ដែលមាន​ទំនាក់ទំនង​នឹងខ្មាន់កាំភ្លើង ក៏នឹងត្រូវ​បានប្រឈមមុខនឹង​ការស៊ើប​អង្កេត ក៏ដូចជាសាក​សួរផងដែរ​នៅពេលស្រ្តីរូបនេះ វិលត្រឡប់មក​សហរដ្ឋអាមេរិក៕