(អាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រា បានលើកឡើងថា លោកនឹងធ្វើដំណើរទៅទីក្រុង Las Vegas ដើម្បីសួរសុខទុក្ខ និងជួបជាមួយ សាច់ញាតិជនរងគ្រោះនៅថ្ងៃពុធសប្តាហ៍នេះ នេះបើយោងតាមសេចក្តីរាយការណ៍ Update របស់ភ្នាក់ងារសារព័ត៌មាន CNN ចេញផ្សាយនាពេលប៉ុន្មាននាទីមុននេះ។

ប្រធានាធិបតីរូបនេះ ក៏បានប្រកាសផងដែរថា លោកនឹងចេញបញ្ជាឱ្យបង្ហោះទង់ជាតិត្រឹមពាក់កណ្តាលប៉ុណ្ណោះ ដើម្បីចូលរួមរំលែកទុកដល់ជនរងគ្រោះ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់។ យ៉ាងនេះក្តី ប្រធានាធិបតីរូបនេះ មិនបានលុបចោលគម្រោងធ្វើដំណើរទៅកាន់កោះ Puerto Rico ដើម្បីធ្វើការវាយតម្លៃទៅលើផលខូចខាត ដែលបណ្តាលមកពីព្យុះ Hurricane Maria។

ប៉ូលិសអាមេរិកបានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងការបាញ់ប្រហារ នៅឯទីក្រុងឡាស វេហ្គាស (Las Vegas) កាលពីយប់ថ្ងៃអាទិត្យ បានកើនដល់៥៩នាក់ និង៥២៥នាក់ ផ្សេងទៀតរងរបួស។​ រីឯក្រុមសកម្មប្រយុទ្ធ ISIS បានចេញមុខទទួលខុសត្រូវថា ក្រុមខ្លួនគឺជាអ្នកនៅពីក្រោយការបាញ់ប្រហារ ដ៏អាក្រក់ចុងក្រោយបំផុតនេះនៅក្នុងប្រវត្តិសាស្ត្រអាមេរិក៕