(ប៉េកាំង)៖ វាគឺជាលើកដំបូងហើយ ដែលរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ បានទទួលស្គាល់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងស្ថិត​ក្នុង​ការទាក់ទងគ្នាដោយផ្ទាល់ ជាមួយនិងរដ្ឋាភិបាលប្រទេសកូរ៉េខាងជើង ហើយអាមេរិកក៏បានសួរទៅកាន់ ទីក្រុងព្យុងយ៉ាងផងដែរ​ថា តើ​ពួកគេមានបំណងចង់ពិភាក្សាអំពី ការធ្វើតេស្តមីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែរ ដែរឬយ៉ាងណា។ នេះបើតាមការចេញ​ផ្សាយ​ដោយ​សារ​ព័ត៌​មាន USA Today នៅយប់ថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងអំឡុងដំណើរបំពេញទស្សនកិច្ច នៅឯទីក្រុងប៉េកាំង នៃប្រទេសចិន រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ​រ៉ិច ធីល្លឺសុន (Rex Tillerson) លើកឡើងថា «ពួកយើងកំពុងតែស្ទាបស្ទង់ស្ថានការណ៍ ដូច្នេះហើយសូមមេត្តា​រង់​ចាំ​ តាម​ដាន​ដំណាក់កាលបន្ទាប់ទៀត​​​» ក្រោយពីត្រូវបានចោទសួរថាតើ សហរដ្ឋអាមេរិក ប្រហែលជានឹងចាប់ផ្តើមបើកកិច្ចចរចា ជាមួយមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយរបៀបណា។ លោក Tillerson បានបន្ថែមថា «យើងបានដាក់ជាសំណួរថា "តើអ្នកមានបំណង​ចង់ពិភាក្សាឬចរចាគ្នាដែរទេ?"... យើងមានបណ្តាញទំនាក់ទំនងមួយចំនួនជាមួយទីក្រុងព្យុងយ៉ាង ដោយ​ពួក​យើង​មិន​ស្ថិត​ក្នុង​ស្ថាន​ភាពងងឹងសូន្យឈឹងទាំងស្រុងឡើយ»។

គួរបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍មួយ កាលពីខែសីហាកន្លងទៅ របស់ទីភ្នាក់ងារព័ត៌មាន Associated Press (AP) អាមេរិក និង​កូរ៉េខាងជើង បានពិភាក្សាគ្នាដោយស្ងាត់ៗ អស់រយៈពេលជាច្រើនខែមកហើយ ខណៈការទទួលស្គាល់ជាសាធារណៈ នៃការទាក់ទង​គ្នាជាមួយទីក្រុងព្យុងយ៉ាងនេះ បានកើតឡើង បន្ទាប់ពីប្រទេសទាំងពីរ បានផ្តោះប្តូរពាក្យសម្តែងឌឺដងធ្ងន់ៗ ដាក់គ្នាទៅវិញទៅមក ក្នុង​អំឡុងពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ ពាក់ព័ន្ធនឹងសកម្មភាពគំរាមកំហែង ចុងក្រោយបំផុត  នៃនុយក្លេអ៊ែរនិងមីស៊ីលផ្លោង របស់​កូរ៉េ​ខាងជើង៕