(ស៊ីដនី)៖ អូស្រ្ដាលីបានសម្រេចចិត្ត​បញ្ចូននាវាមួយគ្រឿង​ទៅកាន់ប្រទេស វ៉ានួទូ (Vanuatu) នៅថ្ងៃសៅរ៍នេះ ដើម្បីជួយជម្លៀស​ប្រជាជនជាង ១១,០០០នាក់ ចេញពី​ភាគខាងជើង​នៃកោះ អាប៊ែ (Ambae) ខណៈភ្នំភ្លើង ម៉ាណារ៉ូ វួអ៊ី (Manaro Voui) ដែលបានផ្ទុះកាលពី​សប្ដាហ៍មុន កំពុង​គំរាមកំហែង​ដល់សុខភាពប្រជាជន តាមរយៈផេះ និងទឹកភ្លៀង​អាស៊ីត។ ព្រមពេល​ជាមួយគ្នា ប្រទេស​នូវែលសេឡង់ ក៏បានបញ្ជូន​ជំនួយជួយដល់​ ប្រជាជាតិ​ក្នុងតំបន់អាស៊ី​ប៉ាហ្វិក​មួយនេះដែរ។ នេះបើតាម​ការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧។

ទន្ទឹមគ្នានោះដែរ ប្រឈមមុខ​នឹងគ្រោះធម្មជាតិនេះ រដ្ឋាភិបាល Vanuatu បានសម្រេចរក្សា​កំរិតប្រកាសអាសន្ន​​លំដាប់ទី ០៤ដដែល ក្នុងគោលបំណង​ជួយសម្រួល​ដល់ការជម្លៀស​ប្រជាជន ទៅកាន់ក្បែរកោះ មែវ៉ូ (Maewo), ផែនតេកូសត៍ (Pentecost) និងកោះ សាន់តូ (Santo) បន្ទាប់ពីមនុស្ស​ច្រើនជាង ៦,០០០នាក់ កំពុងស្នាក់​នៅជម្រកស្នាក់​បណ្ដោះអាសន្ន នៅឯកោះភាគខាងត្បូង​ប៉ាស៊ីហ្វិក។

គួរបញ្ជាក់ថា រដ្ឋាភិបាល​អូស្ត្រាលី​បានផ្ដល់ប្រាក់ជាង ២៥០,០០០ដុល្លារអូស្ត្រាលី សម្រាប់ជំនួយ​ក្នុងនោះរួមមានទាំង ម្ហូបអាហារ ទឹក ជម្រកស្នាក់នៅ​ជាដើម។ ចំណែកឯ​នូវែលសេឡង់ បានទម្លាក់កញ្ចប់​ថវិកាជំនួយ ១០០,០០០ ដុល្លារ​នូវែលសេឡង់។ Vanuatu គឺជាប្រទេសដែន​កោះមានកោះធំៗ​ចំនួន ៨០ ជាមួយប្រជាជន ២៦០,០០០នាក់ និងស្ថិតនៅ​លើតំបន់ ខ្សែក្រវាត់ភ្នំភ្លើង​ប៉ាស៊ីហ្វិក ដែលជាធម្មតាតែងតែ​ជួបប្រទះគ្រោះ​រញ្ជួយដី ឬបន្ទុះភ្នំ​ភ្លើង៕