(ប៉េកាំង)៖ គ្រោះធម្មជាតិរញ្ជួយផែនដី​កម្រិតបង្គួរ ៥.៤រ៉ិចទ័រ បានវាយប្រហារស្រុក គីងឈួន (Qingchuan) នៃខេត្តស៊ីឈួន (Sichuan) ភាគនិរតី​ប្រទេសចិន នៅរសៀលថ្ងៃសៅរ៍នេះ​តែម្តង។ នេះបើតាមការ​ព្យាករណ៍ពីទីភ្នាក់ងារ​បណ្តាញតាមដាន​គ្រោះរញ្ជួយដីចិន (CENC) ដកស្រង់​ដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នារសៀល​ថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧។

គ្រោះរញ្ជួយដីនៅស្រុក គីងឈួន ខាងលើនេះមាន​រំញ័រចេញពីក្នុង​ជម្រៅដី ១៣គីឡូម៉ែត្រ ខណៈភ្លាមៗ​បែបនេះ ចំនួននៃការខូចខាត​ទ្រព្យសម្បត្តិ និងមនុស្សរងគ្រោះ​ថ្នាក់នោះ មិនទាន់មានសេចក្តីរាយការណ៍​​បញ្ជាក់នោះឡើយ។ ស្រុក គីងឈួន ធ្លាប់រងគ្រោះ​រញ្ជួយដីកម្រិត​ធ្ងន់បំផុតម្តង រហូតដល់ទៅ ៨.០រ៉ិចទ័រ កាលពីឆ្នាំខែឧសភា ឆ្នាំ២០០៨ សម្លាប់មនុស្សជាង ៦៩,០០០នាក់ឯណោះ៕