(ប៉េកាំង)៖ យន្ដហោះពាណិជ្ជកម្ម​ដ៏ធំ ដែលជាការអភិវឌ្ឍរួមគ្នាដោយចិន និងរុស្ស៊ី​ត្រូវបានដាក់ឈ្មោះ​ជាផ្លូវការហើយថា CR929។ ការដាក់ឈ្មោះនេះ​ធ្វើឡើង​នៅអំឡុងពិធីមួយ រៀបចំឡើង​នៅឯក្រុមហ៊ុន Commercial Aircraft Corp of China (COMAC) កាលពី​ថ្ងៃសុក្រ។​ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧។

នៅអំឡុងពិធី​នោះដែរ ក្រុមហ៊ុន China-Russia Commercial Aircraft International Co Ltd (CRAIC) ដែលជាក្រុមហ៊ុន​មានភាគហ៊ុន​រួមគ្នា រវាងក្រុមហ៊ុន COMAC និង​ក្រុមហ៊ុន Russia's United Aircraft Corp (UAC)​ បង្កើតឡើងកាលពី​ខែឧសភា មានមូលដ្ឋានក្នុង​ទីក្រុងសៀងហៃ បានប្រកាស​យក CR929 ជាឈ្មោះយន្ដហោះ​របស់ពួកគេ និង Logo លាយ​ពណ៌ក្រហម និងខៀវ។ អក្សរ C គឺ តំណាងឱ្យ​ប្រទេសចិន និង R​ តំណាងឱ្យ​ប្រទេសរុស្ស៊ី ចំណែកឯ​លេខ ៩ គឺជាលេខធំបំផុត​តែមួយគត់ និងមានន័យថា​យូអង្វែងក្នុង​ភាសាចិន ហើយ​លេខ ២ គឺតំណាងឱ្យភាគីទាំងពីរដែល កំពុងធ្វើការងាររួមគ្នា​ក្នុងការអភិវឌ្ឍយន្ដហោះ។

គួរបញ្ជាក់ថា បើតាមលោក ហេ ដុងហ្វេង (He Dongfeng) ប្រធានក្រុមហ៊ុន COMAC ភាគីរុស្ស៊ី និងចិន នឹងជំរុញ​ការស្រាវជ្រាវ អភិវឌ្ឍន៍ ប្រតិបត្តិ និងលក់យន្ដហោះ ​CR929 មានកៅ​អីអង្គុយ ២៨០កន្លែង នៅ១០ឆ្នាំបន្ទាប់៕