(សេអ៊ូល)៖ កូរ៉េខាងជើងបានដឹកជញ្ជូន​មីស៊ីលជាច្រើន​ ចេញពីឃ្លាំងមីស៊ីលមួយកន្លែង​ក្នុងទីក្រុងព្យុងយ៉ាង ខណៈមានសេចក្ដីរាយការណ៍​ជាច្រើនថា របបកម្មុយនីស្ដមួយនេះ​អាចនឹងបង្ក រឿងសាជាថ្មី​នៅអំឡុងខែតុលា​ខាងមុខនេះ។ នេះបើតាមចេញ​ផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាម Reuters ដោយផ្អែកលើ​សេចក្ដីរាយការណ៍​ របស់ស្ថានីយ៍ទូរទស្សន៍​កូរ៉េខាងត្បូង KBS ដែលទទួលបាន​ពី ប្រភពចារកម្ម​មិនបញ្ជាក់​អត្តសញ្ញាណ​បានឱ្យដឹងថា ក្រុមមន្ត្រីចារកម្ម​កូរ៉េខាងត្បូង និងអាមេរិក​ចាប់បានសញ្ញាថា ទីក្រុងព្យុងយ៉ាង​បានដឹកជញ្ជូនមីស៊ីល​ ចេញពីមជ្ឈមណ្ឌល​ស្រាវជ្រាវ និងអភិវឌ្ឍន៍​មីស៊ីល សាណាំ ដុង (Sanum-dong) ស្ថិតនៅភាគខាងជើង​ទីក្រុងព្យុងយ៉ាង។ ក៏ប៉ុន្តែ របាយការណ៍នេះ​មិនបានបញ្ជាក់ ពីពេលវេលានៃការដឹកជញ្ជូនមីស៊ីល​នេះទេ គ្រាន់តែឱ្យ​ដឹងថា មីស៊ីលទាំងនោះ​ជាប្រភេទមីស៊ីល​រយៈចំងាយ​មធ្យម Hwasong-12 ឬក៏មីស៊ីល ICBM Hwasong-14។

គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីកូរ៉េខាងត្បូង កូរ៉េខាងជើង​ទំនងជាអាចនឹង​បង្ករឿងសាជាថ្មី​​នៅចន្លោះពី​ថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែតុលា នាឱកាសនៃការ​ប្រារព្ធ​ខួបថ្ងៃបង្កើតគណបក្សពលករ​​កូរ៉េ និងការបើក​សមាជរបស់គណបក្ស​កុម្មុយនីស្ដចិន៕