(បាស់សេឡូណា)៖ មនុស្សរាប់ម៉ឺននាក់​បានប្រមូលផ្ដុំគ្នា នៅក្នុងទីក្រុងបាស់សេឡូណា ដើម្បីធ្វើយុទ្ធនាការ​ថ្ងៃចុងក្រោយ​ គាំទ្រដល់ការបោះឆ្នោត​ប្រកាសឯករាជ្យ​សម្រាប់តំបន់ Catalan​ ដែល គ្រោងនឹងធ្វើឡើង​នៅថ្ងៃអាទិត្យ​ស្អែកនេះ។ តំបន់ Catalan មានប្រជាជន ៧.៥លាននាក់ និងស្ថិតនៅ​ភាគឦសាន​ប្រទេសអេស្ប៉ាញ។​ នេះបើតាមការ​ចេញផ្សាយដោយ សារព័ត៌មាន BBC​ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧។

ប៉ូលិសរាប់ពាន់នាក់​ត្រូវបានគេដាក់​ពង្រាយនៅទូទាំងប្រទេសអេស្ប៉ាញ ខណៈរដ្ឋាភិបាល​ទីក្រុងម៉ាឌ្រីត កំពុងស្វែងរក​មធ្យោបាយ​ទប់ស្កាត់ កុំឱ្យការបោះឆ្នោត​អាចប្រព្រឹត្ត​ទៅបាន។ ជាមួយគ្នា​នោះ ក្រុមហ៊ុន Google ក៏បានលុបចេញ​កម្មវិធីនៅលើ​ទូរស័ព្ទដែលគេ​កំពុងប្រើប្រាស់ ដើម្បីជំរុញឱ្យអ្នកបោះឆ្នោត​ទាំងអស់ធ្វើដំណើរ​ទៅការិយាល័យ​បោះឆ្នោតផងដែរ ហើយក្រុមហ៊ុនបាន​បញ្ជាក់ថា ការសម្រេចចិត្តនេះ​ធ្វើអនុឡោមតាម​បញ្ជាពី​តុលាការ។

គួរបញ្ជាក់ថា អ្នកប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងតំបន់ ដែលបានព្យាយាម​ទាញយកកម្មវិធី​នេះពី Google Play​ ទទួលបានសារ​មួយដែលនិយាយថា កម្មវិធីនេះត្រូវ​បានគេ​លុបចោល ប៉ុន្តែ​អ្នកទាញយក​កម្មវិធីនេះបញ្ចូល​ក្នុងទូរស័ព្ទដៃរួចហើយ អាចបន្តប្រើប្រាស់​វាដដែល។ ទោះបីជាមានការបោះឆ្នោត​បែបនេះក្តី ក៏វាមិនបានប្រាកដថា តំបន់នេះនឹងអាចទទួលបានឯករាជ្យនោះដែរ ដោយសារតែ​វាស្ថិត​នៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលអេស្ប៉ាញ ដែលជាអ្នកសម្រេចចុងក្រោយដដែល៕