(អូស្ត្រាលី)៖ ក្តីស្រមៃរបស់មនុស្សរាប់ទសវត្សរ៍មនុស្ស អាចនឹងក្លាយជាការពិត​ក្នុងពេលឆាប់ៗ​ខាងមុខនេះហើយ ដោយក្រុមហ៊ុនអវកាស SpaceX ដ៏ធំរបស់សហរដ្ឋអាមេរិក ដែលតែងតែរកស៊ី​ជាមួយ​អង្គការ NASA នោះ បានបង្ហាញផែនការ​របស់ខ្លួនយ៉ាង​ឱឡារឹកថា ក្រុមហ៊ុននេះ​នឹងដឹកនាំ​មនុស្សទៅកាន់​ភពព្រះអង្គារ ឲ្យបាននៅ​ឆ្នាំ២០២៤ ដូច្នេះវានៅតែ ០៦ឆ្នាំ ទៀតប៉ុណ្ណោះ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧។

លោក អ៊ីឡូន ម៉ាសក៍ នាយកប្រតិបត្តិ​របស់ SpaceX បានថ្លែងដូចខាង​លើនេះ នៅក្នុងថ្ងៃចុងក្រោយ​នៃការបិទសមាជ​តារាសាស្ត្រ​អន្តរជាតិលើកទី ៦៨ នៅទីក្រុងអាដេឡែដ នៃប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧។ ព័ត៌មាន​បានបន្តទៀតថា លោក ម៉ាសក៍ ដែលជាប្រធាន​ក្រុមហ៊ុន Tesla ផងដែរនោះ​បាននិយាយថា «ក្រុមហ៊ុន SpaceX ប្តេជ្ញា​បញ្ជូនយានដឹក​ទំនិញ​ដំបូង​នៅកាន់ភពព្រះអង្គារ​នៅឆ្នាំ២០២២ និងនាំមនុស្សទៅភពអង្គារ​នៅឆ្នាំ២០២៤»

បន្ថែមពីនេះ ក្រុមហ៊ុនដែល​មានកិច្ចសហការជាប្រចាំ​ជាមួយអង្គការ NASA នេះនឹងធ្វើប្រតិបត្តិការ​ទៅភពអង្គារជាបន្តបន្ទាប់​ក្នុងរយៈពេលពីរឆ្នាំម្តង នៅអំឡុងទសវត្សរ៍ឆ្នាំ២០២០។ គោលដៅ​ទៅភព​អង្គារនេះ គឺដើម្បីឲ្យមនុស្សគ្រប់គ្នាបានស្វែងយល់ថា តើភពក្រហមនេះពិតជាកន្លែងដែលប្រសើរ​សម្រាប់មនុស្សធ្វើអាណានិគម រាប់សតវត្សរ៍ទៅមុខមែនឬទេ។ ការប្រកាសខាងលើនេះ ក៏ស្របពេល​នៃការបង្ហាញគ្រាប់រ៉ុក្កែតដឹកនាំយានប្រភេទថ្មី ដែលមានឈ្មោះថា BFR នោះផងដែរ។

គួរបញ្ជាក់ថា ការប្រកាសដ៏គួរភ្ញាក់ផ្អើលនេះ បានកើតមានឡើងប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីទីភ្នាក់ងារ​អវកាសអាមេរិក NASA របស់​សហរដ្ឋអាមេរិក បាន​​សារភាព​​ឲ្យដឹង​ថា ខ្លួនពុំមាន​កញ្ចប់ថវិកាឧបត្ថម្ភ​គ្រប់គ្រាន់ សម្រាប់​ចេញ​​បេស​កកម្ម​បញ្ជូន​មនុស្ស​ទៅកាន់​ភពអង្គារ (Mars) នោះឡើយ។ នៅក្នុងអំឡុង​នៃកិច្ចប្រជុំមួយ​របស់វិទ្យាស្ថានអវកាស និងអវកាស​យានិក​អាមេរិក​នាសប្តាហ៍នេះ ប្រធានបេសកកម្ម​បញ្ជូនមនុស្ស​ ធ្វើ​ដំណើរក្នុង​លំហអវកាស លោក Willianm H. Gerstenmaier នៃទីភ្នាក់ងារ​អវកាស NASA បានលាតត្រដាង​ឲ្យដឹងថា «NASA មិនអាច​កំណត់​កាលបរិច្ឆេទ សម្រាប់បេសកកម្ម​បញ្ជូនក្រុម​អវកាសយានិក​ ទៅកាន់ភពអង្គារបានឡើយ ដោយសារ​កង្វះខាត​ផ្នែក​ហិរញ្ញវត្ថុ»។

ការសារភាព​ដ៏អាម៉ាស់នេះ​បានកើតឡើង​នៅប៉ុន្មានថ្ងៃ​ បន្ទាប់ពីអនុប្រធានាធិបតី​អាមេរិក លោក Mike Pence បានប្តេជ្ញាថា នឹងចាប់ផ្តើម​យុគសម័យថ្មី​នៃភាពជាអ្នកដឹកនាំ​របស់សហរដ្ឋអាមេរិក​ នៅក្នុងវិស័យអវកាស ជាមួយការ​វិលត្រឡប់​ទៅសិក្សាស្រាវ​ជ្រាវ​លើឋាន​ព្រះច័ន្ទវិញ រួមនិងការ​បញ្ជូនក្រុម​អវកាសយានិក​ឲ្យទៅជាន់ដី​ភពព្រះអង្គារ។ យ៉ាងណាមិញ លោក Gerstenmaier ក៏បានឲ្យតំរុយផងដែរថា អង្គការ NASA ប្រហែល​ជាងាកទៅផ្តោត​សំខាន់លើ ការវិលត្រឡប់​ទៅ​កាន់ឋានព្រះច័ន្ទវិញ៕