(សេអ៊ូល)៖ កូរ៉េខាងជើង​នៅថ្ងៃព្រហស្បតិ៍នេះ​បានប្រកាសថា យុវជនជា​សិស្សសាលា និងកម្មករជាង ៤.៧លាននាក់ បានស្ម័គ្រចិត្ត ឬក៏ចុះឈ្មោះ​ចូលបម្រើការងារ​ក្នុងជួរកងទ័ព ​​គិតចាប់​តាំងពីមេដឹកនាំ លោក គីម ជុងអ៊ុន​ បាន​សន្យាកាលពី​សប្ដាហ៍មុនថា នឹងចាត់វិធានការ​សងសឹកជាមួយ​សហរដ្ឋអាមេរិក។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧។

ការបង្ហាញពីសាមគ្គីភាព​របស់កូរ៉េខាងជើង កើតមានឡើង​ក្រោយ លោក គីម​ ជុងអ៊ុន បានចេញ​សេចក្ដី​ថ្លែងការណ៍មួយ កាលពី​ថ្ងៃសុក្រ​សប្ដាហ៍មុន​ជាមួយការសន្យាថា នឹងចាត់វិធានការ​សង សឹកកំរិត​ខ្ពស់បំផុត​ ឆ្លើយតប​ទៅនឹងប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែលបាន​ព្រមានកម្ទេច​កូរ៉េខាងជើងឱ្យក្លាយ​ទៅជាផេះ បើសិនជា​ទីក្រុងព្យុងយ៉ាង ហ៊ានគំរាម​កំហែងដល់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត។

ក្រោយការគំរាមនេះ កងកម្លាំងទ័ពអាកាសអាមេរិក បានបញ្ជូនយន្ដហោះ​ចម្បាំងជាច្រើនគ្រឿង ទៅហោះឆ្វែលក្បែរតំបន់ឆ្នេរភាគខាងកើត ប្រទេសកូរ៉េខាងជើង រហូតធ្វើឱ្យទីក្រុងព្យុងយ៉ាង ក្ដៅស្លឹកត្រចៀក​ចេញមុខព្រមាន បាញ់ទម្លាក់យន្ដហោះចម្បាំងទាំងនេះ ទោះមិនហោះនៅក្នុង​ដែនអាកាស​កូរ៉េខាងជើងក៏ដោយ។

គួរបញ្ជាក់ថា បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun រយៈពេល ០៦ថ្ងៃកន្លងមកនេះ​ យុវជនជា​បុរសកូរ៉េខាងជើង​រាប់លាននាក់ បានបង្ហាញពីបំណងរបស់ពួកគេ​ចុះឈ្មោះ ចូលបម្រើជួរ​កងទ័ព ដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិក ខណៈយុវនារី ១.២២លាននាក់​ បានសន្យា​នឹងស្ម័គ្រចិត្តចូល​បម្រើយោធា៕