(ម៉ូស្គូ)៖ ខណៈអ៊ីរ៉ាក់ និងតួកគី កំពុងខឹងច្រឡោត​ជុំវិញការបោះឆ្នោតប្រកាស​ឯករាជ្យរបស់​ឃើដអ៊ីរ៉ាក់ ក្រសួង​ការបរទេស​រុស្ស៊ី ក៏បានចេញសេចក្ដីថ្លែងការណ៍មួយ​ផងដែរ ដោយ បានបង្ហាញពីការគាំទ្រ​បូរណភាពទឹក​ដីអ៊ីរ៉ាក់​ ក៏ដូចជាអំពាវនាវ​ឱ្យទីក្រុង​បាកដាដ និងទីក្រុង អឺប្រ៊ីល (Erbil រដ្ឋធានីឃើដ) ដោះស្រាយការខ្វែងគំនិត​គ្នា​តាមផ្លូវការទូត។ នេះបើតាម​ការចេញផ្សាយ ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧។

នៅក្នុងសេចក្ដី​ថ្លែងការណ៍របស់ខ្លួនចេញ​ផ្សាយកាលពីថ្ងៃពុធ ក្រសួងការបរទេស​រុស្ស៊ីបានគូស​​បញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹង​​ការបោះឆ្នោត​​ប្រជាមតិ​ប្រកាស​ឯករាជ្យ​​ឃើដ-អ៊ីរ៉ាក់ ខាងភាគីរុស្ស៊ី​​យល់ថា វាពិតជាមាន​សារៈសំខាន់​ណាស់ ក្នុងការបញ្ជៀស​រាល់សកម្មភាពទាំងឡាយ​ ដែលអាចបង្កឱ្យមានអស្ថេរភាព​នៅក្នុងតំបន់​មជ្ឈិមបូព៌ា... ការគំាទ្ររបស់យើង​សម្រាប់​អធិបតេយ្យភាព ឯកភាព និងបូរណភាពដែនដីអ៊ីរ៉ាក់ និងបណ្ដារដ្ឋដទៃ​ទៀតក្នុងតំបន់​មជ្ឈិមបូព៌ា នៅតែមិន​ផ្លាស់ប្ដូរ​ឡើយ ហើយយើងជឿជាក់​ថា រាល់ការខ្វែងគំនិតគ្នា​ទាំងអស់​រវាងអ៊ីរ៉ាក់​ និងឃើដអាចនឹងត្រូវ​​​ដោះស្រាយតាម​រយៈកិច្ចសន្ទនា ប្រកបដោយ​លក្ខណៈស្ថាបនា ក៏ដូចជាគោរព​គ្នាទៅវិញទៅមក ដើម្បីបង្កើតជា​រូបមន្តមួយ​អាចទទួលយក​បាន ដើម្បីរួមរស់​ជាមួយគ្នា​នៅក្នុង រដ្ឋអ៊ីរ៉ាក់​តែមួយ»

គួរបញ្ជាក់ថា អ៊ីរ៉ាក់បាន​ប្រឆាំងជំទាស់​នឹង​ឯករាជ្យរបស់ឃើដ ដោយ​សំអាងថា វាអាចនឹងបង្ក​អស្ថិរភាព និងសង្រ្គាមនៅក្នុង​តំបន់​ក៏ដូចជាអនុញ្ញាត​ឱ្យក្រុម ISIS ឆ្លៀតឱកាស​​ពង្រីក​ឥទ្ធិពលខ្លួន​ឡើងវិញតែ​ប៉ុណ្ណោះ។ មួយវិញទៀត​ក្រៅតែពីទីក្រុង​បាកដាដ តួកគី អ៊ីរ៉ង់ និងស៊ីរី ក៏បានបង្ហាញការ​ជំទាស់យ៉ាងខ្លាំង​ផងដែរ ហើយការជំទាស់ពីប្រទេសទាំងបីនេះ​ទៀតសោត ត្រូវបានគេ មើលថាដោយសារ​តែពួកគេព្រួយបារម្ភ ​ខ្លាចក្រែងប្រជាជន​ឃើដនៅក្នុងប្រទេសរបស់ពួកគេ យកគំរូតាមប្រជាជន​ឃើដនៅអ៊ីរ៉ាក់ ត្បិតបច្ចុប្បន្នឃើដ​មិនមែនមានតែនៅអ៊ីរ៉ាក់​នោះទេពោលគឺ ប្រជាជនឃើដ ក៏មាននៅស៊ីរី អ៊ីរ៉ង់ និងតួកគីផងដែរ៕