(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់ឃើប៊ឺក (Mark Zuckerberg) បានចេញមុខទាត់ចោល ការចោទប្រកាន់គ្មាន​ភស្ដុតាងទាំងឡាយ​របស់ លោក ដូណាល់ ត្រាំ ដែលថា បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់លោក តែងតែប្រឆាំង​នឹងប្រធានាធិបតី​អាមេរិករូបនេះ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧។

ថ្លែងនៅលើ​ទំព័រ Facebook ផ្ទាល់ខ្លួនកាលពី​ថ្ងៃពុធ លោក Mark Zuckerberg បានគូស​បញ្ជាក់យ៉ាង​ដូច្នេះថា «​នៅព្រឹកនេះ ខ្ញុំចង់ឆ្លើយតប​ទៅកាន់ការអត្ថា​ធិប្បាយ របស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបាន​អះអាងថា Facebook តែងតែប្រឆាំង​នឹងរូបលោក... ជារៀង​រាល់ថ្ងៃ ខ្ញុំធ្វើការងារដើម្បី​ឱ្យមនុស្សទាំងអស់​ប្រាស្រ័យទាក់ទងគ្នា និងកសាង​សហគមន៍មួយ​សម្រាប់មនុស្ស
ទាំងអស់គ្នា... ហើយខ្ញុំសង្ឃឹមថា នឹងអាចផ្ដល់ដល់​មនុស្សគ្រប់រូប​នូវសំឡេង និងការបង្កើត​កម្មវិធីមួយសម្រាប់​គំនិត​ទាំងអស់»។

គួររំលឹកថា កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ បានសរសេរនៅលើ Twitter យ៉ាងដូច្នេះថា «Facebook តែងតែប្រឆាំង​នឹង ត្រាំ។ បណ្ដាញ​ទំនាក់ទំនង​សង្គមមួយនេះ តែងតែ​ប្រឆាំង ត្រាំ ដូច្នេះ, ព័ត៌មានក្លែងក្លាយ,  New York ​Times និង Washington post ក៏ប្រឆាំង​នឹង ត្រាំ... តើវាជាការរួម​គំនិតគ្នាឬ?»។ ក៏ប៉ុន្តែ ការថ្លែងបែបនេះ​របស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពី​ក្រុមហ៊ុន Facebook កាលពី​សប្ដាហ៍មុន  បានប្រកាសថា ខ្លួនអាចនឹងចែក​រំលែកព័ត៌មាន​ជាមួយ​សភាអាមេរិក ពាក់ព័ន្ធនឹង​សំណុំរឿងនៃ​ការលូកដៃ​របស់រុស្ស៊ី ចូលក្នុង​កិច្ចការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក កាលពី​ឆ្នាំ២០១៦៕