(តូក្យូ)៖ នាយករដ្ឋមន្ត្រី​ជប៉ុនលោក ស៊ីនហ្សូ អាបេ នៅថ្ងៃព្រហស្បតិ៍នេះ​បានប្រកាស​រំលាយសភាជាន់ទាបហើយ ដើម្បីបើកផ្លូវឆ្ពោះ​ទៅរកការបោះឆ្នោត​សភាមុនអាណត្តិ ដែលគ្រោងនឹង​ប្រព្រឹត្ត​ទៅនៅថ្ងៃទី២២ ខែតុលាខាង​មុខនេះ។ លោក តាដាម៉ូរី អូហ្ស៊ីម៉ា (Tadamori Oshima) ប្រធានសភា​ជាន់ទាប គឺជាអ្នកអានសេចក្ដី​ថ្លែងការណ៍​រំលាយសភា។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters​ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧។

ការប្រកាសរំលាយ​សភារបស់ លោក អាបេ ធ្វើឡើងនៅក្នុង​ចេតនាបន្តអាណត្តិ​ជានាយករដ្ឋមន្ត្រី​របស់លោក ខណៈគណបក្សប្រឆាំង​កំពុងចុះទន់​ខ្សោយកម្លាំង និងនៅក្នុងបរិបទ​នៃភាពតាន តឹងជាមួយកូរ៉េខាងជើ​ងកាន់តែកើនឡើង ចំណែកឯ​រូបលោកផ្ទាល់កំពុង​ជាប់ផុងនឹង​រឿងអាស្រូវ ជួយមិត្តភក្តិម្នាក់​នៅក្នុងការរកស៊ី ដែលបានធ្វើ​ឱ្យលោកបាត់បង់​ប្រជាប្រិយភាព​យ៉ាងខ្លំាងពី ប្រជាជនជប៉ុន។

ជាមួយនោះដែរ​ថ្លែងទៅកាន់សមាជិកសភា លោក អាបេ បានលើកឡើងយ៉ាងដូច្នេះថា «វានឹងក្លាយ​ជាការប្រយុទ្ធ​ដ៏ស្វិតស្វាញ ប៉ុន្តែវាក៏ជាវិធីសាស្ត្រ​ដែលនឹងបង្ហាញថា យើងនឹង​ត្រូវការពារប្រទេស​ជប៉ុន រួមទាំងការ​រស់នៅ និងសន្តិភាពរបស់​ប្រជាជនជប៉ុន ដោយរបៀបណា»។

គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍នេះ លោក ស៊ីនហ្សូ អាបេ បានស្នើឡើង​នូវផែនការអនុម័ត​ថវិកាជាតិ ប្រមាណជា ១៧.៨ពាន់លានដុល្លារ សម្រាប់​វិស័យអប់រំ និងហិរញ្ញវត្ថុ​សាធារណៈ ហើយមិនតែប៉ុណ្ណោះ​លោក ក៏បានបង្ហាញពីគោលជំហរ​យ៉ាងម៉ឺងម៉ាត់ ចំពោះទីក្រុងព្យុងយ៉ាង​ផងដែរ។ «យើងនឹងប្រើប្រាស់​គ្រប់មធ្យោបាយ​ទាំងអស់ ដើម្បីដាក់សម្ពាធ​ជាអតិបរមាលើកូរ៉េខាងជើង»។ នេះជាការលើកឡើង​របស់លោក ស៊ីនហ្សូ អាបេ។

មួយវិញទៀត បើតាមប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុងស្រុក តាមរយៈការប្រកាស​រំលោយសភា នេះ នឹងបើកផ្លូវឆ្ពោះ​ទៅរកការបោះឆ្នោត​សភាមុនអាណត្តិ នៅរយៈពេល ៤០ថ្ងៃបន្ទាប់ ឬគួរតែអាចនឹងត្រូវប្រព្រឹត្ត​ទៅនៅថ្ងៃទី ២២ ខែតុលា។ តែយ៉ាងណា​កាលបរិច្ឆេកជាក់​លាក់អាចនឹង ត្រូវជាផ្លូវការកំណត់​ដោយគណៈរដ្ឋមន្ត្រី​ជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ៕