(វ៉ាស៊ីនតោន)៖ បិតាស្ថាបនិកទស្សនាវដ្តីស្រើបស្រាល «Play boy» ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក លោក ហាហ្គ ហេហ្វណឺ (Hugh Hefner) បាន​​ទទួល​​មរណ​ភាព​ហើយ ក្នុងវ័យ​ ៩១ឆ្នាំ។ នេះបើ​តាមការ​ចេញផ្សាយដោយ សារព័ត៌មាន CNN នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧។

សហគ្រាស Play boy បានចេញសេចក្តីថ្លែងការណ៍​ឲ្យដឹងថា បិតាស្ថាបនិក Play boy លោក Hugh Hefner បានទទួលមរណភាព​ដោយ​ជរាពាធ នាវេលាយប់​ថ្ងៃពុធសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ក្នុងវ័យ ៩១ឆ្នាំ ក្រោមវត្តមាន​នៃសមាជិកក្រុមគ្រួសារ​របស់លោក។

គួរបញ្ជាក់ថា លោក Hefner បានបង្កើត Play boy កាលពីឆ្នាំ១៩៥៣ ជាមួយទុនផ្ទាល់​ខ្លួនរបស់លោកត្រឹម ៦០០ដុល្លារប៉ុណ្ណោះ ហើយ​រូបលោក បានកសាងកេរ្តិ៍​ឈ្មោះទស្សនាវដ្តីនេះ ឲ្យល្បីរន្ទឺក្លាយ​ទៅជាអាណាចក្រ​វិស័យកម្សាន្ត ដែលមានតម្លៃរាប់សិប​លានដុល្លារ ហើយសម័យកាល​ដែលល្បីល្បាញ​កប់បំផុត សម្រាប់ទស្សនាវដ្តីនេះ គឺកាលពីអំឡុង​ទសវត្សរ៍ឆ្នាំ១៩៧០ ស្របទៅនឹងវិស័យភាពយន្ត ដែលកំពុងតែរីកដុះដាលខ្លាំងដូចគ្នា៕